មិនមែនជារឿងចម្លែកអ្វីទេដែលវេជ្ជបណ្ឌីតចេញវេជ្ជបញ្ជាថ្នាំបញ្ចុះទឹកនោម ឬបញ្ចុះជាតិទឹកឱ្យអ្នកជំងឺលើសម្ពាធឈាម, អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺហើមជើង និងប្រភេទនៃជំងឺមួយចំនួនទៀតពាក់ព័ន្ធជាមួយតម្រងនោម និងថ្លើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្នាំបញ្ចុះទឹកនោមជួយបង្កើនការផលិតទឹកនោមដើម្បីពន្លឿនការកម្ចាត់ជាតិទឹកដែលលើស និងអំបិលក្នុងរាងកាយ។ អ្នកខ្លះប្រើប្រាស់ថ្នាំបញ្ចុះទឹកនោម ឬជាតិទឹកដើម្បីសម្រកទម្ងន់។ តាមរយៈការរំញោចឱ្យនោមច្រើនវាក៏ជួយដល់រាងកាយក្នុងការបញ្ចេញជាតិពុលផ្សេងៗ និងភាពកខ្វក់ដែលប្រមូលផ្ដុំក្នុងរាងកាយផងដែរ។ ក្រៅពីការប្រើថ្នាំបញ្ចុះទឹកនោម អ្នកក៏អាចទទួលទានអាហារមួយចំនួនដែលជួយបង្កើនការផលិតទឹកនោមជំនួសវិញបានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារមួយចំនួនដែលជួយបញ្ចុះទឹកនោមបែបធម្មជាតិ ៖
១. បន្ថែមទឹកក្រូចឆ្មារក្នុងទឹកធម្មតា
ជាពិសេសប្រសិនបើអ្នកចង់ស្រកទម្ងន់ នោះការបន្ថែមទឹកក្រូចឆ្មារស្រស់ក្នុងទឹក គឺប្រសើរបំផុត។ ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។ វាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាល់កោសិកាក្នុងរាងកាយផងដែរ។
២. បន្លែភ្លៅកង្កែប
មិនត្រឹមតែមានផ្ទុកជាតិកាឡូរីទាប និងគ្មានជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែបន្លែនេះក៏មានប្រសិទ្ធិភាពបញ្ចុះទឹកនោមដែលជួយបញ្ចេញចោលនូវជាតិពុលផ្សេងៗ និងអំបិលក៏ដូចជាទម្ងន់ដែលលើសពីក្នុងរាងកាយផងដែរ។
៣. តែខ្ញី
គ្រាន់តែទទួលទានតែខ្ញីមួយពែងក៏ជួយបញ្ចេញជាតិទឹកដែលលើស និងអំបិលចេញពីក្នុងរាងកាយបានផងដែរ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺតែខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឱ្យកត់សម្គាល់។ ការទទួលទានតែខ្ញីមួយពែងក៏ជួយដោះស្រាយបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ។
៤. ស្ពៃក្ដោប
ស្ពៃក្ដោបមានផ្ទុកសម្បូរទៅដោយជាតិសសៃ ក៏ដូចជាវីតាមីន C និង B6។ លើសពីនេះទៅទៀត ស្ពៃក្ដោបក៏ជាប្រភពដ៏ប្រសើរនៃជាតិស្ពាន់ធ័រដែលជួយបន្សាបជាតិពុលក្នុងរាងកាយផងដែរ។ ប្រសិនបើអ្នកចង់កម្ចាត់ជាតិទឹកដែលលើស ចូរទទួលទានស៊ុបស្ពៃក្ដោប ហើយត្រូវចាំថាប្រើប្រាស់អំបិលបន្តិចបានហើយក្នុងស៊ុប!
៥. ទំពាំងបារាំង
ក៏មិនខុសពីស្ពៃក្ដោបដែរ ទំពាំងបារាំងជាប្រភេទនៃបន្លែជួយបញ្ចុះទឹកនោមបែបធម្មជាតិបានយ៉ាងប្រសើរ។ ដូច្នេះកុំភ្លេចបន្ថែមទំពាំងបារាំងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយ។ ការទទួលទានទំពាំងបារាំងជួយបង្កើនការផលិតទឹកនោមជួយគ្របគ្រង់សម្ពាធឈាម និងកម្ចាត់ជាតិទឹកដែលលើស៕