មហារីកក្រពះ គឺជាឃាតករស្ងៀមស្ងាត់ដែលជារឿយៗបង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺក្រពះធម្មតា។ ការដឹងច្បាស់ពីសញ្ញាដំបូងៗ គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីជួយសង្គ្រោះអាយុជីវិតអ្នក។ សូមអានព័ត៌មានសំខាន់ៗនេះដោយយកចិត្តទុកដាក់ (ផ្អែកលើការណែនាំពីមន្ទីរពេទ្យកាល់ម៉ែត)។
ក. តើអ្វីជាកត្តា ៤ យ៉ាងដែលរុញច្រានឲ្យកើតមហារីកក្រពះ?
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញមូលហេតុច្បាស់លាស់ ១០០% ក៏ដោយ ក៏កត្តាហានិភ័យសំខាន់ៗខាងក្រោមនេះអាចបង្កើនលទ្ធភាពនៃការវិវត្តទៅជាជំងឺនេះបាន៖
- មេរោគក្រពះ (H. pylori): ការឆ្លងមេរោគ Helicobacter Pylori គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យមានការរលាករ៉ាំរ៉ៃ និងដំបៅក្រពះ ដែលអាចវិវត្តទៅជាមហារីក។
- ទម្លាប់ចំណីអាហារគ្រោះថ្នាក់៖ ឧស្សាហ៍ទទួលទានអាហារដែលមានជាតិប្រៃខ្លាំង, អាហារផ្អាប់ ឬជ្រលក់ (ដូចជា ត្រីងៀត, ជ្រក់), អាហារជក់ផ្សែង ឬអាហារដែលឆ្អិនខ្លោចៗ។
- កត្តាតំណពូជ៖ ប្រសិនបើមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក (ជាពិសេសមហារីកក្រពះ) អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់។
- ទម្លាប់អាក្រក់៖ ការជក់បារី និងការពិសាគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ហួសហេតុ។
ខ. សញ្ញាដាស់តឿន ៧ យ៉ាង ដែលតម្រូវឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់!
គួរឲ្យសោកស្ដាយ មហារីកក្រពះនៅដំណាក់កាលដំបូងមិនសូវបង្ហាញសញ្ញាច្បាស់លាស់ទេ។ ប៉ុន្តែប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាណាមួយក្នុងចំណោម ៧ យ៉ាងខាងក្រោមនេះ ជាបន្តបន្ទាប់ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៖
- ឈឺចុងដង្ហើម/ឆ្អល់ពោះជាប់លាប់៖ មានអារម្មណ៍មិនស្រួល ឈឺ ឬរមួលនៅតំបន់ពោះផ្នែកខាងលើ ដែលស្រដៀងនឹងអាការៈក្រពះធម្មតា តែវាកើតឡើងញឹកញាប់ និងមិនបាត់ទៅវិញ។
- ឆ្អែតលឿន/អត់រំលាយអាហារ៖ មានអារម្មណ៍ឆ្អែតភ្លាមៗ ទោះបីជាទើបតែញ៉ាំបានតិចតួចក៏ដោយ ឬមានអារម្មណ៍ថាអាហារមិនរលាយសោះ។
- ស្រកទម្ងន់ដោយគ្មានមូលហេតុ: ទម្ងន់ធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយមិនមានការតមអាហារ ឬហាត់ប្រាណ។
- បាត់បង់ចំណង់អាហារ: មិនមានអារម្មណ៍ឃ្លានអាហារ ឬបដិសេធអាហារ។
- លាមកខ្មៅ: លាមកមានពណ៌ខ្មៅរលោង (ដូចជ័រ) ដែលជាសញ្ញាបញ្ជាក់ថាមានការហូរឈាមនៅខាងក្នុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ។
- ចង្អោរ និងក្អួត: អាការៈចង្អោរញឹកញាប់ និងក្អួត (ជួនកាលអាចក្អួតមានឈាមតិចតួច)។
- ស្លេកស្លាំង/ខ្វះឈាម: មានអាការៈស្លេកស្លាំង អស់កម្លាំងខ្លាំង បណ្តាលមកពីការបាត់បង់ឈាមរ៉ាំរ៉ៃដែលអ្នកមិនបានដឹង ឬខ្វះជាតិដែក។
សូមចងចាំ៖ ការរកឃើញជំងឺមហារីកក្រពះនៅដំណាក់កាលដំបូង គឺជារឿងសំខាន់បំផុតសម្រាប់ការទទួលបានការព្យាបាលប្រកបដោយជោគជ័យ។ កុំបណ្ដោយឲ្យរោគសញ្ញាតូចតាចក្លាយទៅជារឿងធំ!