ជំងឺទឹកនោមផ្អែម (ប្រភេទទី ១, ទី ២ និងប្រភេទទី ៣ កើតពេលមានផ្ទៃពោះ) អាចជាកង្វល់ចំពោះស្ត្រីដែលប្រាថ្នាចង់បានបុត្រ។ សំណួរដែលកើតមានឡើងជាញឹកញាប់គឺ៖ តើស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះដោយសុវត្ថិភាពបានដែរឬទេ?
ចម្លើយគឺ៖ លោកអ្នកនៅតែអាចមានផ្ទៃពោះបាន ប៉ុន្តែត្រូវតែរៀបចំខ្លួនឲ្យបានល្អិតល្អន់ និងត្រឹមត្រូវបំផុត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទាំងលើម្តាយ និងទារកក្នុងផ្ទៃ។
សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬប្រភេទទី ២ ហើយចង់បានបុត្រ គួរគប្បីអនុវត្តតាមការរៀបចំខ្លួនទាំង ៦ ជំហានដូចខាងក្រោម៖
១. តាមដាន និងគ្រប់គ្រងជាតិស្ករឲ្យបានមុនពេលមានផ្ទៃពោះ
- កម្រិតគោលដៅ៖ ត្រូវតាមដានជាតិស្ករឲ្យមានលំនឹងល្អបំផុតមុននឹងចាប់ផ្តើមយកបុត្រ។ កម្រិតជាតិស្ករក្នុងឈាមអាំងស៊ុយលីនប្រចាំខែ (HbA1C) ត្រូវតែ តិចជាង ៧% (A1C < 7%)។ ការគ្រប់គ្រងល្អិតល្អន់នេះគឺសំខាន់បំផុតដើម្បីការពារពីការខូចទ្រង់ទ្រាយគភ៌ដំបូង។
២. ពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម
- ប្រភេទទី ១: ត្រូវបន្តប្រើប្រាស់អាំងស៊ុយលីន ហើយពិគ្រោះជាមួយគ្រូពេទ្យដើម្បីកែតម្រូវកម្រិតថ្នាំឲ្យសមស្របតាមតម្រូវការនៃការមានផ្ទៃពោះ។
- ប្រភេទទី ២: បើកំពុងប្រើ ថ្នាំគ្រាប់ លោកអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការ ផ្លាស់ប្តូរ ឬជំនួសទៅប្រើថ្នាំចាក់អាំងស៊ុយលីន វិញ។ ថ្នាំគ្រាប់មួយចំនួនអាចមានហានិភ័យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
៣. ពិនិត្យសុខភាពសរីរាង្គសំខាន់ៗ
- ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ ដូច្នេះ គួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និងពិនិត្យតម្រងនោម ដើម្បីដឹងពីស្ថានភាពសុខភាពមុនពេលមានផ្ទៃពោះ។
៤. ពិនិត្យ និងបញ្ឈប់ថ្នាំបន្សាបផ្សេងទៀត
- បើកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះខ្លាញ់មួយចំនួន ដែលអាចមានហានិភ័យដល់ទារក ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បី ជំនួស ឬបញ្ឈប់ ជាបន្ទាន់។
៥. ស្វែងរកការប្រឹក្សាអំពីអាហារូបត្ថម្ភ
- គួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីរៀបចំរបបអាហារត្រឹមត្រូវដែលជួយគ្រប់គ្រងជាតិស្ករបានល្អបំផុតអំឡុងពេលត្រៀម និងមានផ្ទៃពោះ។
៦. គោលដៅគ្រប់គ្រងជាតិស្ករអំឡុងពេលមានផ្ទៃពោះ (តឹងរ៉ឹងបំផុត)
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវថែរក្សាកម្រិតជាតិស្ករឲ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារទារក៖
- មុនពេលបាយ: ជាតិស្ករត្រូវតែស្ថិតក្នុងចន្លោះ ៩០-១០០ mg/dL។
- ក្រោយពេលបាយ ២ ម៉ោង: ជាតិស្ករត្រូវតែ តិចជាង ១២០ mg/dL (ឬ ១ ម៉ោងក្រោយបាយតិចជាង ១៤០ mg/dL)។
ចំណាំ៖ ការរៀបចំខ្លួនជាមុន និងការសហការល្អជាមួយក្រុមគ្រូពេទ្យជំនាញ គឺជាគន្លឹះឆ្ពោះទៅរកការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងទទួលបានបុត្រដ៏មានសុខភាពល្អ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត