ការរីកក្រពេញប្រូស្តាត (Benign Prostatic Hyperplasia – BPH) គឺជាបញ្ហាសុខភាពទូទៅមួយដែលកើតមានញឹកញាប់លើបុរសវ័យចំណាស់។ នៅពេលដែលក្រពេញប្រូស្តាតរីក វាចាប់ផ្តើមដាក់សម្ពាធទៅលើបង្ហួរនោម ដែលបណ្តាលឲ្យមានការរំខានដល់ប្រព័ន្ធនោម។ ការយល់ដឹងពីសញ្ញាទាំងនេះ អាចជួយឲ្យអ្នកស្វែងរកការព្យាបាលទាន់ពេលវេលា។
តើការរីកក្រពេញប្រូស្តាតអាចស្តែងឲ្យមានរោគសញ្ញាអ្វីខ្លះ? សូមពិនិត្យមើលសញ្ញាព្រមានទាំង ៩ ខាងក្រោម៖
I. បញ្ហាចង្វាក់នោម និងការប្រញាប់នោម
- នោមញឹក ឬក៏ចង់លេចនោមភ្លាមៗ: មានអារម្មណ៍ថាត្រូវទៅបន្ទប់ទឹកញឹកញាប់ជាងមុន ឬមានអារម្មណ៍ប្រញាប់ខ្លាំងមិនអាចទប់បាន (Urgency)។
- នោមញឹកនៅពេលយប់ (Nocturia): ត្រូវក្រោកពីដំណេកដើម្បីបត់ជើងតូចច្រើនដងនៅពេលយប់ ដែលរំខានដល់ការគេង។
II. បញ្ហាលំហូរទឹកនោម និងការបញ្ចប់ការនោម
- ពិបាកចាប់ផ្តើមនោម (Difficulty Starting): ត្រូវរង់ចាំយូរ ឬប្រឹងមុននឹងទឹកនោមចាប់ផ្តើមហូរ។
- រំហូរទឹកនោមខ្សោយ: លំហូរទឹកនោមមានសភាពយឺត ខ្សោយ ឬលំហូរឈប់ហើយចាប់ផ្តើមវិញ (Stop-and-Start Stream)។
- ស្រក់តក់ៗក្រោយនោមចប់ (Dribbling): នៅពេលនោមចប់ ទឹកនោមនៅតែបន្តស្រក់តក់ៗ។
- នោមអត់អស់ ឬនោមសល់ (Incomplete Emptying): មានអារម្មណ៍ថាប្លោកនោមនៅតែពេញ ឬមានទឹកនោមនៅសល់ បន្ទាប់ពីនោមរួច។
III. សញ្ញាធ្ងន់ធ្ងរដែលត្រូវប្រយ័ត្ន
- សញ្ញារលាកប្រព័ន្ធទឹកនោម: រួមមាន ឈឺចាប់ពេលនោម ឬនោមមានក្លិនមិនល្អ (ដែលបង្ហាញពីការឆ្លងមេរោគ ដោយសារការនោមសល់)។
- នោមមិនចេញ (Acute Retention): ជាសញ្ញាធ្ងន់ធ្ងរដែលទឹកនោមមិនអាចហូរចេញបានទាំងស្រុង ដែលតម្រូវឲ្យទៅមន្ទីរពេទ្យជាបន្ទាន់។
- នោមមានឈាម (Hematuria): ឃើញមានឈាមលាយជាមួយទឹកនោម។
ដំបូន្មានសុខភាព៖ កុំទុកយូរ!
ប្រសិនបើលោកអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះមួយ ឬច្រើនកំពុងកើតមានឡើង សូមប្រញាប់អញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់លាស់ និងលម្អិត៕
ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត