មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ ជាបទពិសោធន៍ កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានបុរសជនជាតិចិនម្នាក់ អាយុ២៨ឆ្នាំ មកពីខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យកាល់ម៉ែតនៅពេលយប់ ដោយបានលេបចូលប្រដាប់ខួងធ្មេញ ។
តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ និងដោយមានសម្របសម្រួលពីអ្នកបកប្រែ គឺគាត់បានស្លាក់ប្រដាប់ខួងធ្មេញ ដែលធ្វើពីដែកអ៊ីណុក ដោយចៃដន្យ តាំងពីពេលថ្ងៃនៅខេត្ត តែមិនមានអាការៈឈឺចុកឆ្អល់ គួរអោយកត់សំគាល់ឡើយ ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានស្នើរសុំធ្វើស្កេនពោះ ដោយជាលទ្ធផលយើងឃើញមាន លោហៈធាតុមួយចាក់ជាប់នៅនឹងក្នុងក្រពះ (fundus) ។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រវាង គ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន និងគ្រូពេទ្យឯកទេស ថ្នាំសណ្តំ រួចមកយើងក៏សម្រេចចិត្ត ធ្វើការឆ្លុះក្រពះភ្លាមៗទាំងយប់ ដើម្បីចាប់លោហៈធាតុនោះចេញដោយម៉ាស៊ីនអង់ដូស្តុបពី ។
ក្រុមគ្រូពេទ្យជំនាញបាន សហការណ៍គ្នាដោយជោគជ័យក្នុងការចាប់យកលោហៈធាតុដែកនោះដែលមានប្រវែង២៥ មីលីម៉ែត្រ ដោយប្រើប្រាស់រយៈពេលខ្លី ព្រមទាំងបានការពារកុំអោយមានរបួស លើប្រដាប់រំលាយអាហារខាងលើ កំឡុងពេលចាប់យកលោហៈធាតុនោះចេញដោយបានបំពាក់ប្រដាប់ការពារ (Endocap) ។
ផលវិបាកធ្ងន់ធ្ងរ (ករណីមិនបានព្យាបាលទាន់ពេលវេលា)៖
– ចំពោះវត្ថុពីខាងក្រៅដែលមានលក្ខណៈ មុត ស្រួច ដែលអាចស្ទះជាប់នៅបំពង់អាហារ ឬក្រពះ អាចធ្វើអោយមានការហូរឈាមពីប្រដាប់រំលាយអាហារ ឬធ្លាយពោះវៀន ក្នុងអាត្រាពី ១៥-៣៥% ដែលអាចសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ។ ពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្គ្រោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
អនុសាសន៍ ក្នុងករណីមានលេបចូលវត្ថុរឹងដោយចៃដន្យ សូមប្រញ៉ាប់មកជួបគ្រូពេទ្យជំនាញច្បាស់លាស់ក្នុងការឆ្លុះចាប់យកវត្ថុធាតុនោះចេញជាបន្ទាន់ ដើម្បីទប់ស្កាត់កុំអោយមានផលវិបាកដល់អាយុជីវិត ដែលអាចកើតឡើងពីការលេបវត្ថុរឹងនោះ ៕