ដុំមហារីកសាច់ថ្លើម (Hepatocellular Carcinoma) គឺជាជំងឺធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិត។ ការយល់ដឹងពីមូលហេតុ និងរោគសញ្ញាគឺជាគន្លឹះដើម្បីការពារ។
ក) មូលហេតុចម្បងៗនៃការកើតមហារីកថ្លើម
ដុំមហារីកសាច់ថ្លើមភាគច្រើនគឺបណ្តាលមកពី ការរលាកសាច់ថ្លើមរ៉ាំរ៉ៃ (Chronic Hepatitis) ដែលវិវត្តទៅជា ថ្លើមក្រិន ហើយដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក (មានរហូតដល់ ៨០-៩០% នៃករណីទាំងអស់)។
មូលហេតុចម្បងនៃការរលាករ៉ាំរ៉ៃរួមមាន:
- មេរោគរលាកថ្លើមប្រភេទ B និង C
- ការពិសាគ្រឿងស្រវឹងច្រើន ហើយរយៈពេលយូរ
មូលហេតុខ្លះៗបន្ថែមទៀត៖
- សត្វល្អិតប៉ារ៉ាស៊ីត (Liver Fluke): សត្វល្អិតម្យ៉ាងរស់នៅតាមដងទន្លេមេគង្គលើ (ម្តុំក្រចេះ និងស្ទឹងត្រែង) អាចឆ្លងមកមនុស្សដោយសារការ ទទួលទានខ្ចៅ, ខ្យង ឬត្រី ដែលមានពង ឬកូនសត្វល្អិតនេះ ហើយចំអិនមិនឆ្អិនល្អ។
- គ្រោះថ្នាក់បំផុតពីអាហារផ្អាប់យូរ: ការបរិភោគអាហារផ្អាប់យូរ ដែលមានដុះផ្សិត Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម B និង C រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។
ខ) រោគសញ្ញាដែលត្រូវតាមដាន
រោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺនេះមានដូចជា៖
- មានការ ឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
- ថ្លើមរីកធំ (តម្រូវឱ្យពិនិត្យដោយវេជ្ជបណ្ឌិត)
- អ្នកជំងឺភាគច្រើនមានមកជាមួយ រោគសញ្ញានៃជំងឺគ្រិនថ្លើម (ដូចជា៖ លឿងភ្នែក និងស្បែក, ទាចទឹកក្នុងស្រោមពោះ, ហើមជើង…)
- មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយគ្រាន់តែការ ពិនិត្យមើលអេកូពោះ (Medical Checkup) ជាប្រចាំ។
សូមប្រុងប្រយ័ត្នចំពោះទម្លាប់នៃការបរិភោគអាហារ និងពិនិត្យសុខភាពថ្លើមជាទៀងទាត់!
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)