ភាគច្រើននៃពួកយើងសុទ្ធតែចង់មើលទៅក្មេងជាងវ័យ និងរស់នៅបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារដើរតួយ៉ាងសំខាន់ក្នុងការរក្សាបាននូវសុខភាពល្អអាយុវែង និងសម្រស់ស្រស់ស្អាតស្បែកមើលទៅក្មេងបានយូរ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទទួលបានស្បែកមានសុខភាពល្អតឹងណែនស្រស់ស្អាតគ្មានស្នាមជ្រួញក្មេងជាងវ័យ ៖
១. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ! ការទទួលទានផ្លែបឺរឱ្យបាន ១ ផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល និងគាំទ្រដល់ដំណើរការនៃការស្តារឡើងវិញរបស់កោសិកាស្បែក។ ផ្លែបឺរផ្ដល់ឱ្យរាងកាយនូវវីតាមីន C, ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតហ្វូលីក។
២. ការ៉ុត
មិនត្រឹមតែល្អសម្រាប់រក្សាសុខភាពភ្នែកតាមរយៈបរិមាណខ្ពស់នៃវីតាមីន A ប៉ុណ្ណោះទេ ប៉ុន្តែការ៉ុតក៏ជួយការពារស្បែកមិនឱ្យចាស់មុនវ័យដោយទប់ស្កាត់ស្នាមជ្រួញដែលបណ្ដាលមកពីការប៉ះពាល់នឹងកាំរស្មីយូវីផងដែរ។ ត្រូវចាំក្នុងចិត្តផងថា មិនគួរចម្អិនការ៉ុតឱ្យឆ្អិនពេកទេក៏ព្រោះការធ្វើបែបនេះនឹងកាត់បន្ថយបរិមាណនៃសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗក្នុងការ៉ុត។
៣. ផ្លែក្រូចគ្រប់ប្រភេទ
ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងអាស៊ីតហ្វូលីក។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ខ្ពស់ជាងក្រូចផ្សេងៗ ដូច្នេះការទទួលទានទឹកក្រូចឆ្មារនៅពេលពោះទទេរជួយសម្អាតពោះវៀនធំ និងបន្សាបជាតិពុលផ្សេងៗក្នុងរាងកាយ ក៏ដូចជាពង្រឹងសុខភាពស្បែក និងបង្កើនការផលិតកូឡាជែនផងដែរ។
៤. ខ្ទឹមស
មានគុណសម្បត្តិប្រឆាំងរោគផ្សិត និងបាក់តេរីដែលធ្វើឱ្យខ្ទឹមសជួយរក្សាសុខភាពស្បែកបានយ៉ាងប្រសើរ។ ហើយខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ដែលជួយកម្ចាត់បាក់តេរីបង្ករោគមុន។ សារធាតុ Allicin ក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយការហើម, ការរលាក និងបង្កើនចរន្តឈាមហូរផងដែរ។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧៥ ភាគរយ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយដល់ស្បែកឱ្យការពារខ្លួនឯងពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ, ប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី និងបង្កើនជាតិសំណើម ក៏ដូចជាភាពក្រាស់ផងដែរ។
៦. ប្រេងអូលីវ
ជាប្រភពនៃ alpha-linolenic acid ដែលជួយស្បែកក្នុងការរក្សាបាននូវជាតិសំណើមទប់ស្កាត់ភាពចាស់មុនវ័យ។ ដើម្បីជាការប្រសើរក្រៅពីបន្ថែមប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ ចូរប្រើវាប៉ុន្មានដំណក់ម៉ាស្សាជុំវិញភ្នែកនៅពេលយប់មុនអ្នកចូលគេងដោយវិធីនេះជួយរក្សាសំណើមនៃស្បែក និងកាត់បន្ថយស្នាមជ្រួញត្រង់កន្ទុយភ្នែក៕