ជំងឺទឹកនោមប្រៃ (Nephrotic Syndrome) គឺជាជំងឺដែលកើតឡើងនៅពេល តម្រងនោម របស់យើងមានបញ្ហា។ ជាធម្មតា តម្រងនោមមានកោសិកាតម្រង (ឬ Glomeruli) ចំនួនប្រហែល ១ លានកោសិកានៅក្នុងតម្រងនោមនីមួយៗ។
និយមន័យនៃជំងឺ
ជំងឺទឹកនោមប្រៃ កើតឡើងដោយសារតែ ការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli)។ ការខូចខាតនេះបង្កឲ្យមានការ បាត់បង់សារធាតុសំខាន់ៗ ចេញពីរាងកាយតាមទឹកនោម ដែលជាលទ្ធផល៖
- អ្នកជំងឺចាប់ផ្តើមមានវត្តមាន សារធាតុប្រូតេអ៊ីនក្នុងទឹកនោមយ៉ាងច្រើន (លើសពី ៣ ក្រាម ក្នុងរយៈពេល ២៤ ម៉ោង)។
- បាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាម ដែលជាហេតុធ្វើឲ្យអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណ ត្របកភ្នែក និង ជើងទាំងសងខាង។
រោគសញ្ញាផ្សេងទៀត
ក្រៅពីអាការៈហើម រោគសញ្ញាផ្សេងទៀតដែលអ្នកជំងឺអាចជួបប្រទះមានដូចជា៖
- ទឹកនោមមានពពុះច្រើន ខុសធម្មតា
- ឡើងគីឡូលឿន ខុសធម្មតា ដោយសារការហើម
- អស់កម្លាំង ល្ហិតល្ហៃ
- បាត់បង់ចំណង់ ក្នុងការបរិភោគអាហារជាដើម។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)