ជំងឺច្រាលអាស៊ីតក្រពះ គឺជាបញ្ហាសុខភាពដែលតម្រូវឱ្យមានការយកចិត្តទុកដាក់។ ការយល់ដឹងពីរោគសញ្ញា និងមូលហេតុច្បាស់លាស់ អាចជួយអ្នកការពារ និងគ្រប់គ្រងជំងឺនេះបាន។
១. រោគសញ្ញាលេចធ្លោនៃការច្រាលអាស៊ីត
រោគសញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកអាចមានជំងឺច្រាលអាស៊ីតក្រពះរួមមាន៖
- ក្រហាយទ្រូង: មានអារម្មណ៍ ក្ដៅក្នុងទ្រូង (ក្រហាយទ្រូង) ជាពិសេសបន្ទាប់ពី បរិភោគអាហារច្រើន, ពត់បត់ខ្លួន, លើកវត្ថុធ្ងន់ៗ ឬ ទម្លាក់ខ្លួនដេក។
- រសជាតិមិនល្អក្នុងមាត់: មាន រសជាតិល្វីង, ហឹរ ឬជូរ នៅក្នុងមាត់។ ការច្រាលអាស៊ីតនេះអាចបណ្ដាលឱ្យមានផលវិបាកក្នុងបំពង់អាហារ ដូចជា ការរលាក, ការហូរឈាម និង ពិបាកលេប។
- បញ្ហាបំពង់រំលាយអាហារ: រួមមាន ហើមពោះ, មានអារម្មណ៍ ឆាប់ឆ្អែត, ចង្អោរ និងអាចមាន ក្អួត បន្ទាប់ពីបរិភោគអាហារ។
២. មូលហេតុចម្បងដែលបង្កឱ្យមានជំងឺច្រាលអាស៊ីតក្រពះ
ជំងឺច្រាលអាស៊ីតកើតឡើងដោយសារកត្តាជាច្រើន ដែលប៉ះពាល់ដល់ដំណើរការធម្មតានៃប្រព័ន្ធរំលាយអាហារ៖
- ភាពខ្សោយនៃប្រឹសបំពង់អាហារផ្នែកខាងក្រោម: ប្រឹសនេះមិនដំណើរការល្អ ឬខ្សោយ ដែលអនុញ្ញាតឱ្យទឹកអាស៊ីតច្រាលចូលបំពង់អាហារ។ ការខ្សោយនេះអាចបណ្ដាលមកពីការប្រើប្រាស់ គ្រឿងស្រវឹង, ថ្នាំជក់ និង ថ្នាំព្យាបាលជំងឺហឺត មួយចំនួន។
- ចលនាបំពង់អាហារយឺត: ភាពមិនប្រក្រតីនៃបំពង់អាហារ ធ្វើឲ្យអាហារធ្លាក់ចូលក្រពះមានការយឺតយ៉ាវ បណ្ដាលឱ្យអាស៊ីតដែលហូរត្រឡប់មកវិញ ស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
- ចលនាក្រពះមិនប្រក្រតី: ក្រពះមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន ដែលបង្កើនរោគសញ្ញានៃការច្រាលអាស៊ីតក្រពះ។ អាហារមានជាតិខ្លាញ់ និង ស្ករសូកូឡា ជាពិសេស អាចកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
- ជំងឺទឹកនោមផ្អែម: ផលលំបាកនៃជំងឺនេះ ជាពិសេសទៅលើ សរសៃប្រសាទ អាចប៉ះពាល់ដល់ចលនានៃប្រព័ន្ធរំលាយអាហារ៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)