ជំងឺរលាកសួត គឺជាជំងឺបង្កគ្រោះថ្នាក់មួយដែលទាមទារការព្យាបាលបន្ទាន់ ជួនកាលត្រូវសម្រាកពេទ្យ ឬសូម្បីតែសង្គ្រោះបន្ទាន់។ ជំងឺនេះកើតឡើងដោយសារ មេរោគបានចម្លងចូលតាមរយៈផ្លូវដង្ហើម។
មេរោគទាំងនេះចូលទៅបំផ្លាញសួត បង្កឱ្យមាន ការរលាកសួត ឬអាច សាយភាយមេរោគ ឬសារធាតុរបស់មេរោគទៅកាន់សរីរាង្គដទៃទៀត ដែលធ្វើឲ្យសុខភាពមនុស្ស ចុះខ្សោយ, ហត់, គ្រុនញាក់ភ្លាមៗ ឬអាចឈានទៅដល់ ស្លាប់ ផងដែរ។
ទោះជាយ៉ាងណា, ជំងឺរលាកសួតនេះ អាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើអ្នកជំងឺ មកពិនិត្យសុខភាព ឬសម្រាកពេទ្យបានទាន់ពេលវេលា និងទទួលយកការព្យាបាលដោយ ថ្នាំប្រឆាំងមេរោគ តាមវេជ្ជបញ្ជាពីគ្រូពេទ្យបានត្រឹមត្រូវ។
១) រោគសញ្ញា
អ្នកដែលមានជំងឺរលាកសួតស្រួចស្រាវអាចមានអាការៈដូចខាងក្រោម៖
- គ្រុនក្ដៅ និង ញាក់ភ្លាមៗ (អាការៈស្រួចស្រាវ)
- ឈឺក្នុងទ្រូង ដូចគេចាក់
- ហត់ដង្ហក់ ឬមាន ដង្ហើមញាប់
- ក្អក (អាចពុំមានស្លេស្ម ឬមានស្លេស និងអាចមានក្លិន)
- វង្វេងស្មារតី (ជាពិសេសចំពោះមនុស្សចាស់ខ្លាំង)
២) មូលហេតុ
មូលហេតុចម្បងដែលបង្កឲ្យមានជំងឺរលាកសួត គឺការចម្លងចូលដោយ មេរោគបាក់តេរីភាគច្រើន ដែលចូលតាមរយៈផ្លូវដង្ហើម។
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)