មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាថ្ងៃទី០៧ ខែតុលានេះថា ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច ។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់ ។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។
ក. ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ «ការឆ្លុះក្រពះ» នៅតែជាមធ្យោបាយល្អ និងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច ។
ខ. តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។
គ. តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៍ទន់មួយ ហៅថា «អង់ដូស្កុប» រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ឃ. តើការឆ្លុះក្រពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បានឆ្លុះរួចផង។
ង. តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល រឺក្រោយការឆ្លុះក្រពះ?
គ្រប់សកម្មភាព រឺអន្តរាគមន៍វេជ្ជសាស្ត្រ ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខ័ណ្ឌល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខ័ណ្ឌសុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។
សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
- ការរងរបួស រឺការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
- នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
- ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូង និងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។
- ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន ៕