វិបត្តិរំលាយអាហារ (Functional Dyspepsia) គឺជាជំងឺរ៉ាំរ៉ៃដែលកំពុងជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជា។ ជំងឺនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារ និងជីវភាពប្រចាំថ្ងៃ។
ក) មូលហេតុចម្បងៗនៃវិបត្តិរំលាយអាហារ
មូលហេតុនៃជំងឺនេះមានលក្ខណៈចម្រុះ ហើយអាចបណ្តាលមកពីកត្តាមួយចំនួនរួមបញ្ចូលគ្នាដូចជា៖
- ចលនាមិនប្រក្រតីនៃក្រពះ៖ ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនារំលាយអាហាររបស់ក្រពះ។
- ក្រពះរសើបខ្លាំង៖ ការទទួលរំញោចលើសលប់របស់ក្រពះ (Visceral Hypersensitivity)។
- មេរោគក្រពះ៖ ការបង្ករោគដោយបាក់តេរី Helicobacter Pylori (H. Pylori)។
- កត្តាផ្លូវចិត្ត៖ ដូចជាភាពតានតឹងផ្លូវចិត្ត (Stress) ការថប់បារម្ភ ឬការបាក់ទឹកចិត្ត។
ខ) រោគសញ្ញានៃវិបត្តិរំលាយអាហារ
ជំងឺនេះស្តែងចេញជារោគសញ្ញាជាច្រើន ដែលត្រូវបានបែងចែកជា ៣ ក្រុម៖
១. រោគសញ្ញាចម្បង ៤ ធំៗ
- បរិភោគអាហារឆាប់ឆ្អែត: មានអារម្មណ៍ឆ្អែតលឿនខុសពីធម្មតាពេលញ៉ាំអាហារ។
- តឹងណែនពោះក្រោយបរិភោគ: មានអារម្មណ៍ថាពោះតឹង ឬណែនខ្លាំងបន្ទាប់ពីញ៉ាំរួច។
- ឈឺចុងដង្ហើម: មានអាការៈឈឺចាប់នៅតំបន់ចុងដង្ហើម (Epigastrium)។
- ក្រហាយចុងដង្ហើម: មានអារម្មណ៍ក្រហាយឬក្តៅនៅតំបន់ចុងដង្ហើម។
២. រោគសញ្ញាគ្រោះថ្នាក់ (សញ្ញាក្រហម – ត្រូវទៅពេទ្យបន្ទាន់!)
រោគសញ្ញាទាំងនេះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ (ដូចជាមហារីក) ហើយតម្រូវឲ្យមានការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៖
- ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមាន អាយុលើសពី ៤៥ ឆ្នាំ។
- ការ ស្រកទម្ងន់ដោយគ្មានមូលហេតុ ច្បាស់លាស់។
- ពិបាកលេប ឬលេបឈឺ។
- ក្អួតមិនបាត់ ឬក្អួតជាប់។
- ស្លេកស្លាំង។
- ស្ទាបប៉ះដុំ នៅចុងដង្ហើម។
- ប្រវត្តិគ្រួសារមានជំងឺ មហារីកក្រពះពោះវៀនផ្នែកខាងលើ។
- បន្ទោបង់មានឈាម (ឬលាមកខ្មៅ)។
- កើតលឿង (Jaundice)។
៣. រោគសញ្ញាបន្ទាប់បន្សំ
- មានដូចជា ក្អួតចង្អោរ, ហើមពោះ, ភើ ជាដើម។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ជាពិសេសសញ្ញាគ្រោះថ្នាក់ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)