សម័យកាលនេះហើយ យើងមិនអាចនិយាយត្រឹមតែថា “ខ្ញុំកើតជំងឺទឹកនោមផ្អែម” បានទៀតទេ។ វេជ្ជបណ្ឌិតត្រូវតែដឹងច្បាស់ថា តើអ្នកកើត ប្រភេទទី ១, ប្រភេទទី ២, ឬប្រភេទពេលមានផ្ទៃពោះ? ការកំណត់ប្រភេទជំងឺបានត្រឹមត្រូវ គឺជាគន្លឹះនៃការព្យាបាលដ៏មានប្រសិទ្ធភាព។
ជាទូទៅ មនុស្សភាគច្រើនយល់ថា ជំងឺទឹកនោមផ្អែមប្រភេទទី ១ គឺកើតឡើងចំពោះតែក្មេងៗ ឬយុវវ័យវ័យក្មេង (ចន្លោះពី ៤-១៤ ឆ្នាំ) ដែលមានរោគសញ្ញាច្បាស់លាស់តាំងពីដំបូងដូចជា ស្រកទម្ងន់ ស្រេកទឹក នោមច្រើន ឬសន្លប់។
តែមានរឿងមួយដែលអ្នកមិនបានដឹង!
LADA៖ ទឹកនោមផ្អែមប្រភេទទី ១ លាក់មុខលើមនុស្សវ័យកណ្តាល
មានទម្រង់មួយនៃជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែលត្រូវបានគេហៅថា LADA (Latent Autoimmune Diabetes of Adults) ឬហៅជាភាសាខ្មែរថា ជំងឺទឹកនោមផ្អែមប្រភេទទី ១ កើតលើមនុស្សវ័យកណ្តាល។
តើ LADA ខុសពី Type 1 ធម្មតា និង Type 2 ដូចម្តេច?
| លក្ខណៈសំខាន់ | LADA (Type 1 កើតវ័យកណ្តាល) | Type 1 (ទម្រង់ទូទៅ) | Type 2 |
|---|---|---|---|
| អាយុដែលរកឃើញ | ភាគច្រើនចាប់ពី ៣០-៥០ ឆ្នាំ | វ័យក្មេង (៤-១៤ ឆ្នាំ) | វ័យចំណាស់ ឬមនុស្សធាត់ |
| រោគសញ្ញាដំបូង | មិនសូវលេចចេញរោគសញ្ញា ច្បាស់លាស់ | រោគសញ្ញាច្បាស់លាស់ (ស្រកទម្ងន់ ស្រេកទឹក) | វិវត្តន៍យឺតៗ |
| មូលហេតុឫសគល់ | ប្រព័ន្ធភាពស៊ាំ ប្រឆាំងលំពែងខ្លួនឯង | ប្រព័ន្ធភាពស៊ាំ ប្រឆាំងលំពែងខ្លួនឯង | ការធន់ទ្រាំអាំងស៊ុយលីន (Insulin Resistance) |
| ការយល់ច្រឡំ | ងាយនឹង យល់ច្រឡំជា Type 2 |
ដោយសារ LADA ច្រើនរកឃើញនៅចន្លោះអាយុ ៣០ ទៅ ៥០ ឆ្នាំ ហើយរោគសញ្ញាមិនសូវច្បាស់លាស់ដូច Type 1 ទូទៅ ទើបវាត្រូវបានគេ យល់ច្រឡំញឹកញាប់បំផុត ជាមួយជំងឺទឹកនោមផ្អែមប្រភេទទី ២។
មូលហេតុ និងការព្យាបាលមិនអាចមើលរំលងបាន
ដូចជំងឺទឹកនោមផ្អែមប្រភេទទី ១ ទម្រង់ទូទៅដែរ មូលហេតុឫសគល់នៃ LADA គឺបណ្តាលមកពី ប្រព័ន្ធភាពស៊ាំរបស់រាងកាយខ្លួនឯងប្រឆាំងនឹងលំពែង (Beta Cells) ដែលជា “រោងចក្រ” ផលិតអាំងស៊ុយលីន។
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតអាចធ្វើតេស្តឈាមរក៖
- C-Peptide: ដើម្បីវាស់ស្ទង់ថាតើលំពែងនៅផលិតអាំងស៊ុយលីនបានកម្រិតណា។
- អង្គបដិបក្ខ (Autoantibodies): ដូចជា Ac anti-GAD65, Ac anti-IAA, ឬ Ac anti-IA2 ដែលបញ្ជាក់ពីការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំលើលំពែង។
ការសម្រេចចិត្តព្យាបាលគឺសំខាន់បំផុត: អ្នកជំងឺ LADA ត្រូវតែត្រូវបានចាត់ទុក និងព្យាបាលដូចជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែរ។ ដូច្នេះ អ្នកជំងឺត្រូវព្យាបាលដោយការចាក់អាំងស៊ុយលីន ជាចាំបាច់។
កុំទុកចិត្តតែលើអាយុ! ប្រសិនបើអ្នកមានរោគសញ្ញាទឹកនោមផ្អែម សូមទៅពិគ្រោះ និងធ្វើតេស្តជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីដឹងពីប្រភេទជំងឺច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)