កែងជើងស្ងួតប្រេះជាសញ្ញាមួយនៃការថែទាំប្រអប់ជើងមិនបានត្រឹមត្រូវ។ បាតជើងរបស់ជើង គឺងាយនឹងស្ងួត ហើយប្រេះណាស់ដោយសារកង្វះនៃក្រពេញប្រេងក្នុងផ្នែកនេះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) បញ្ហាប្រេះកែងជើងក៏អាចបណ្ដាលមកពីកង្វះជាតិសំណើម, ស្ថានភាពសុខភាព (ដូចជាអ្នកជំងឺទឹកនោមផ្អែម, អ្នកដែលជួបប្រទះបញ្ហាកង្វះជាតិស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣) និងការប៉ះពាល់ដោយផ្ទាល់ជ្រុលពេក។ ការប្រេះកែងជើងមិនត្រឹមតែបង្កការខូចខាតដល់ស្បែកនៃប្រអប់ជើងប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្ដាលឱ្យរមាស់, ឈឺចាប់, ឡើងក្រហម និងរលាកផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភពេក! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាប្រេះកែងជើង ៖
១. ប្រេងបន្លែ
ប្រេងបន្លែអាចជួយផ្ដល់សំណើមដល់ស្បែកប្រអប់ជើង, កម្ចាត់ស្បែករឹងគ្រើម និងប្រេះបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាកែងជើងជាមួយប្រេងបន្លែនៅមុនពេលចូលគេង ហើយប្រើសម្រាប់ខាត់នៅពេលព្រឹក។ វិធីនេះជួយកម្ចាត់ស្បែកងាប់ៗ ខណៈដែលជួយរក្សាសំណើមនៅប្រអប់ជើង។ អនុវត្តរាល់ថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត។ អ្នកអាចប្រើប្រាស់ប្រេងបន្លែខុសៗគ្នារាល់ថ្ងៃដូចជា ប្រេងល្ង, ប្រេងអូលីវ និងប្រេងដូង។ ហើយអ្នកក៏អាចទប់ស្កាត់បញ្ហាហៀរប្រឡាក់ដោយការពាក់ស្រោមជើង។
២. ម្ស៉ៅអង្ករ
ប្រើប្រាស់ម្ស៉ៅអង្ករម៉ដ្ឋចំនួនសមល្មមលាយជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ហើយកូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ក្រាស់។ ប្រសិនបើកែងជើងដែលប្រេះមានការឈឺចាប់ ចូរបន្ថែមប្រេងអូលីវចំនួនសមល្មមក្នុងល្បាយ។ ត្រាំជើងនៅក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១០ នាទី សឹមលើកជើងចេញពីធុងទឹក ហើយប្រើក្រណាត់ទន់ស្អាតផ្ដិតថ្នមៗឱ្យស្ងួត។ បន្ទាប់មកចាប់ផ្ដើមម៉ាស្សាដុសកែងជើងជាមួយល្បាយនៃម្ស៉ៅអង្ករ សម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃរហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។ រូបមន្តនេះជួយព្យាបាលស្នាមប្រេះនៃកែងជើងតាមរយៈការខាត់ស្បែក និងកម្ចាត់កោសិកាស្បែកដែលងាប់ៗបង្កការប្រេះចេញ។
៣. ក្រូចឆ្មារ
ជាតិអាស៊ីតនៃក្រូចឆ្មារអាចជួយធ្វើឱ្យស្បែកទន់ និងកាត់បន្ថយការប្រេះកែងជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រាំប្រអប់ជើងក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១៥ នាទី ឬលើសនេះ។ បន្ថែមទឹកក្រូចឆ្មារស្រស់ចូលក្នុងទឹក ហើយដុសក្រូចលើបាត់ជើងដើម្បីខាត់ស្បែក។ អ្នកអាចប្រើប្រាស់ថ្មខាត់ជំនួសផ្លែក្រូចដើម្បីកម្ចាត់កោសិកាស្បែកងាប់ៗ៕