តើអ្នកធ្លាប់ដឹងទេថាការរួមបញ្ចូលគ្នារវាងខ្ញី, រមៀត, ម្រេចខ្មៅ, ទឹកឃ្មុំ និងទឹកធម្មតាអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាព? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកអាចបង្កើនសុខភាពខួរក្បាល, បេះដូង, ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក និងរាល់កោសិកាក្នុងរាងកាយជាមួយភេសជ្ជៈបែបធម្មជាតិដ៏មានរសជាតិឆ្ងាញ់ដែលផ្សំឡើងពីរមៀត, ខ្ញី, ម្រេចខ្មៅ, ទឹកឃ្មុំ និងទឹកធម្មតា។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃគ្រឿងផ្សំនីមួយនៃភេសជ្ជៈដ៏ពិសេសនេះ រួមទាំងរបៀបធ្វើ ៖

– អត្ថប្រយោជន៍

១. ម្រេចខ្មៅ ៖ គ្រឿងផ្សំមួយនេះជួយបង្កើនរសជាតិនៃតែ និងធ្វើឱ្យសារធាតុចិញ្ចឹមដែលមាននៅក្នុងគ្រឿងផ្សំទាំងអស់កាន់តែងាយស្រួលប្រើក្នុងប្រព័ន្ធផ្សេងៗនៃរាងកាយ។

២. ខ្ញី ៖ ជាប្រភពនៃ gingerols ដែលផ្ដល់ឱ្យនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ខ្ញីជួយរក្សាសុខភាពបេះដូងដោយជួយកម្ចាត់កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងទប់ស្កាត់ជំងឺស្ទះសសៃឈាមបេះដូង។ លើសពីនេះទៅទៀត ខ្ញី ក៏ផ្ដល់ឥទ្ធិពលយ៉ាងប្រសើរចំពោះខួរក្បាលផងដែរតាមរយៈការបង្កើនកម្រិតនៃសារធាតុ neurotransmitter ចាំបាច់ដែលត្រូវបានប្រើដោយរាល់កោសិកាខួរក្បាលដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមក។ កោសិកាខួរក្បាលគ្រប់គ្រងលើសមត្ថភាពនៃការផ្ដោតអារម្មណ៍, ការចងចាំ, ការប្រមូលអារម្មណ៍, ដំណេក និងផ្សេងៗច្រើនទៀត។

៣. ទឹកឃ្មុំ ៖ ក្រៅពីបង្កើនរសជាតិផ្អែមឈ្ងុយដល់តែហើយនោះ ទឹកឃ្មុំក៏ជួយផ្ដល់នូវផលល្អជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងការធ្វើឱ្យសុខភាពខួរក្បាលកាន់តែប្រសើរឡើង។ ទឹកឃ្មុំក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការបាត់បង់ និងការខូចខាតនៃកោសិកាខួរក្បាល។

៤. រមៀត ៖ ជាប្រភពដ៏ប្រសើរនៃសមាសធាតុ Curcumin ដែលជួយបង្កើនមុខងារនៃ endothelium ដែលជាស្រទាប់នៃសសៃឈាមទប់ស្កាត់បញ្ហានៃជំងឺបេះដូង, សម្ពាធឈាម, ឈាមកក និងភាពអវិជ្ជមានក្នុងដំណើរការចាំបាច់ដទៃទៀត។ រមៀតក៏ល្អសម្រាប់សុខភាពខួរក្បាលគួរឱ្យកត់សម្គាល់តាមរយៈសារធាតុ turmerone ដែលជួយបង្កើនការលូតលាស់កោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលទប់ស្កាត់ជំងឺភ្លេចភ្លាំង។

– របៀបធ្វើភេសជ្ជៈ 

អ្វីដែលអ្នកត្រូវការ គឺ ១ ពែង និង ៣ ពែងនៃទឹកធម្មតា ( ៣ ពែងសម្រាប់ពង្រាវ ហើយ ១ ពែងសម្រាប់ឆុង), ខ្ញីស្រស់ចំនួន ២ អ៊ីញ ឬម្ស៉ៅខ្ញីស្ងួតចំនួន ៤ ស្លាបព្រាកាហ្វេ, ម្ស៉ៅរមៀតស្ងួតធម្មជាតិ ៤ ស្លាបព្រាកាហ្វេ, ម្រេចខ្មៅម៉ដ្ឋចំនួន ៣ភាគ៤ នៃស្លាបព្រាកាហ្វេ, ទឹកឃ្មុំ ១ ភាគ ៤ នៃពែង និងក្រឡសម្រាប់រក្សាទុកភេសជ្ជៈនៅក្នុងទូរទឹកកក។

អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវដាក់ខ្ចី, រមៀត និងម្រេចខ្មៅក្នុងឆ្នាំងមួយ រួចបន្ថែមទឹក ១ ពែងចូល ហើយដាំរហូតដល់ពុះ។ បន្ទាប់មកបន្ថយកម្ដៅមកត្រឹមរម្ងាស់សម្រាប់រយៈពេលប្រមាណពី ២ ទៅ ៣ នាទី សឹមបិទភ្លើងតែម្ដង។ បន្ថែមទឹកឃ្មុំចូល រួចគ្របគម្របឆ្នាំង និងទុកចោលបែបនេះសម្រាប់រយៈពេលប្រហែល ១ ម៉ោង ឬទុកពេញមួយយប់ក៏បាន ប្រសិនបើចង់ទទួលបានរសជាតិខ្លាំង។ ប្រើប្រាស់ស្បៃត្រងល្បាយដើម្បីយកខ្ញីស្រស់ចេញ ប្រសិនបើអ្នកប្រើប្រាស់ខ្ញីស្រស់ និងកាកម្ស៉ៅ។ បន្ថែមទឹក ៣ ពែងចូល កូរឱ្យសព្វ សឹមចាក់ចូលក្រឡ ហើយរក្សាទុកក្នុងទូរទឹកកក។ ប្រសិនជាមិនចូលចិត្តរសជាតិខ្លាំងទេ អ្នកអាចបន្ថែមទឹកច្រើនសមល្មមតាមចំណូលចិត្តបាន៕