មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?
ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថា ជំងឺទឹកនោមផ្អែមមានបីប្រភេទៈ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងខ្ញុំសូមធ្វើការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្រ្តីដែលកើតជំងឺទឹកនោមផ្អែម ហើយប្រាថ្នាចង់បានបុត្រ តើគាត់អាចមានបុត្របានដែលឬទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?
ជាការពិតណាស់ បើស្រ្តីមិនទាន់មានផ្ទៃពោះ ហើយគាត់ប្រាថ្នាចង់បានបុត្រ គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនអោយបាន ត្រឹមត្រូវដើម្បីជៀសវាងផលវិបាក ។
ប្រសិនបើណាជាគាត់ មិនបានរៀបចំខ្លួនអោយបានត្រឹមត្រូវទេ នោះគាត់ អាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូន(ទាំងសងខាង) ៖
-ម្តាយអាចប្រឈមមុខជាមួយ: ជំងឺលើសឈាម ជំងឺក្រឡាភ្លើង
-ទារកអាចប្រឈមជាមួយ: ទារកឡើងគីឡូខ្លាំង ដែលជាហេតុធ្វើឲ្យពិបាកសម្រាល ទារកអាចមានបញ្ហាផ្លូវដង្ហើម និងអាចរលូត រឺក៏ទារកអាចស្លាប់ក្នុងផ្ទៃ ។
ហេតុដូចនេះហើយ បានជាយើងលើកយកអត្ថបទនេះឡើង ដើម្បីពន្យល់បង ប្អូនមហាជន ជាពិសេស ស្រ្តី និងក្រុមគ្រួសារដើម្បីរៀបចំខ្លួនជៀសវាង នូវផលវិបាកដូចបានរៀបរាប់ខាងលើ។
ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់ បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
– ពិនិត្យហើយតាមដានជាតិស្ករអោយមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)
– ត្រូវប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម តើពេលគួរគប្បីយកបុត្រ ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំ អ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទីមួយនេះ គឺគាត់បានទទួល ការព្យាបាល ដោយការចាក់ អាំងស៊ុយលីន រួចមកហើយ ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំ គ្រាប់ក្នុងការព្យាបាលហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើ ទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាំងស៊ុយលីនវិញ។
ថ្នាំចាក់ អាំងស៊ុយលីន នេះមិនមានផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារក ហើយត្រូវបាន អ្នកវិទ្យាសាស្រ្តធំៗនានានៅពិភពលោក ចាត់ទុកថា ជាថ្នាំជម្រើសដំបូង សម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ ។
– អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ដើម្បីរុករកមើលផលប៉ះពាល់ទៅលើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ ។
គេសង្កេតឃើញថាអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលដែល គាត់មានបុត្រគឺពេលនោះគាត់អាចមានផលប៉ះពាល់ទៅលើបាតភ្នែក ហេតុដូចនេះមុននឹកការសម្រេចចិត្តយកបុត្រ គួរគប្បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។
– អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីអាហារជៀសវាង និងអាហារដែលទទួលទានបាន ព្រោះថាស្រ្តីដែលមានផ្ទៃពោះ គឺលំនឹងនៃរបបអាហារត្រូវតែសំខាន់ណាស់ ពីព្រោះបើគាត់តមខ្លាំងពេកនោះគាត់អាចមានផលប៉ះពាលជាកង្វះអាហារូបត្ថម្ភទៅលើទារកនៅក្នុងផ្ទៃ បើគាត់ទទួលទានច្រើនពេកជាតិស្ករគាត់នឹងចុះ ក៏មានផលប៉ះពាល់ទៅលើទារក និងខ្លួនគាត់ដូចគ្នា ៕