ជំងឺមហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលអាចគំរាមកំហែងដល់អាយុជីវិត។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ជំងឺនេះច្រើនតែកើតឡើងដោយ ស្ងៀមស្ងាត់ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។ ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់ សូមចំណាយពេលបន្តិចយល់ដឹងពីជំងឺដ៏គ្រោះថ្នាក់នេះ។
១. មហារីកថ្លើម ជាអ្វី?
ជំងឺមហារីកថ្លើម គឺសំដៅទៅលើដុំសាច់ដែលកើតឡើងនៅក្នុងសាច់ថ្លើមខ្លួនឯង ឬឆ្លងរាលដាល (Métastase) ពីសរីរាង្គផ្សេងៗ។
ក្នុងចំណោមប្រភេទមហារីកថ្លើមជាច្រើន មានតែមួយប្រភេទប៉ុណ្ណោះដែលកើតមានញឹកញាប់ និងមានសភាពកាចសាហាវបំផុត នោះគឺប្រភេទ CHC (Carcinome Hépato-Cellulaire)។ មហារីកប្រភេទនេះច្រើនតែកើតឡើងលើ កោសិកាថ្លើមដែលក្រិន រួចទៅហើយ។
២. កត្តាគ្រោះថ្នាក់សំខាន់ៗទាំង ៧ ដែលបង្កជាមហារីកថ្លើម
តើមូលហេតុអ្វីខ្លះដែលជំរុញឱ្យថ្លើមដែលជាសរីរាង្គសំខាន់ ត្រូវប្រឈមនឹងមហារីក? មូលហេតុចម្បងៗរួមមាន៖
- ជំងឺរលាកថ្លើម B និង C៖ នេះជាកត្តាបង្កធំបំផុត និងញឹកញាប់បំផុតនៅកម្ពុជា។ ការឆ្លងមេរោគទាំងនេះបណ្តាលឱ្យរលាកថ្លើមរ៉ាំរ៉ៃ រហូតដល់ក្រិន និងក្លាយជាមហារីក។
- ជាតិស្រា និងបារី៖ ការទទួលទានស្រាច្រើនហួសប្រមាណ និងការជក់បារី គឺជាមូលហេតុចម្បងដែលបង្កឱ្យមាន ជំងឺក្រិនថ្លើម ដែលជាច្រកនាំទៅរកមហារីកថ្លើម។
- ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការក្រិនថ្លើម និងមហារីកថ្លើម។
- កត្តាបន្ថែមផ្សេងៗ៖ ការឆ្លងមេរោគ បារ៉ាស៊ីត, ការប្រើប្រាស់ ថ្នាំពន្យារកំណើត មួយចំនួន, ការប៉ះពាល់នឹង វិទ្យុសកម្ម ឬ សារធាតុគីមី គ្រោះថ្នាក់។
- ការសាយភាយ (Metastasis): មហារីកដែលរាលដាលពីសរីរាង្គដទៃដូចជាពោះវៀនធំ ឬក្រពះ មកកាន់ថ្លើម។
៣. រោគសញ្ញាស្ងៀមស្ងាត់ដែលអ្នកមិនគួរមើលរំលង
ដោយសារតែជំងឺមហារីកថ្លើមអាចលូតលាស់ដោយមិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសញ្ញាទាំងនេះ៖
- ឈឺពោះ ឬចុកផ្នែកខាងស្តាំលើ: ជាការឈឺចាប់ដែលកើតមានជាប្រចាំ និងមិនបាត់ទៅវិញ។
- អស់កម្លាំង ស្រកទម្ងន់ និងមិនឃ្លាន: ហត់នឿយខ្លាំង ខ្សោះកម្លាំង ស្លេកស្លាំង និងការស្រកទម្ងន់ដោយគ្មានមូលហេតុច្បាស់លាស់។
- ដុំសាច់: អាចមានដុំសាច់ដែលអ្នកអាចស្ទាបប៉ះបាននៅបរិវេណពោះ (ផ្នែកខាងលើខាងស្តាំ)។
សារដ៏សំខាន់៖ ការតាមដានសុខភាពជាប្រចាំ គឺជាជីវិត!
ដោយសារជំងឺមហារីកថ្លើមច្រើនកើតឡើងដោយលាក់បាំង រោគសញ្ញាខាងលើនេះអាចលេចឡើងនៅពេលដែលជំងឺបានរីករាលដាលទៅហើយ។ ហេតុដូច្នេះហើយ៖
គប្បីតាមដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជាពិសេសប្រសិនបើអ្នកមានប្រវត្តិផ្ទុកមេរោគរលាកថ្លើម B ឬ C ឬមានជំងឺក្រិនថ្លើម។ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះអាយុជីវិត!
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)