តើអ្នកឧស្សាហ៍រវល់ការងារ ឬខ្ជិលក្រោកពីដំណេក ហើយសម្រេចចិត្ត កាន់ទឹកនោម ទុកយូរទេ? ទម្លាប់ដ៏តូចមួយនេះអាចនាំមកនូវគ្រោះថ្នាក់ដ៏ធំដល់សុខភាពផ្លូវទឹកនោម និងតម្រងនោមរបស់អ្នក។ ការកាន់ទឹកនោមជាប្រចាំ និងយូរអាចបង្កជាបញ្ហាសុខភាពជាច្រើនដូចខាងក្រោម៖
១. គ្រោះថ្នាក់នៃការឆ្លងមេរោគផ្លូវទឹកនោម
នៅពេលទឹកនោមត្រូវបានរក្សាទុកក្នុងប្លោកនោមយូរពេក វាជាឱកាសមាសសម្រាប់ បាក់តេរី លូតលាស់ និងរីករាលដាលយ៉ាងលឿន។ នេះបណ្តាលឱ្យមានការ ឆ្លងមេរោគលើប្លោកនោម។ បើមិនព្យាបាលទាន់ពេល បាក់តេរីអាចរាលដាលដល់បំពង់នោម រហូតដល់ តម្រងនោម ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
២. ប្លោកនោមបាត់បង់ភាពយឺត
ការកាន់ទឹកនោមញឹកញាប់ពេក ធ្វើឱ្យប្លោកនោមត្រូវ ធ្វើការលើសកម្លាំង រហូតបាត់បង់ភាពបត់បែនរបស់វា។ នេះធ្វើឱ្យវា មិនអាចផ្ទុកទឹកនោមបានច្រើន ដូចពីមុន។ រោគសញ្ញាអាចលេចឡើងដូចជា នោមញឹកញាប់, ឈឺចាប់ពោះផ្នែកខាងក្រោម, ឬប្លោកនោមបញ្ចេញចោលមិនអស់។
៣. បញ្ច្រាសទឹកនោមទៅកាន់តម្រងនោម
នៅពេលអ្នកទប់ទឹកនោមយូរពេក សម្ពាធនៅក្នុងប្លោកនោមកើនឡើងខ្លាំង រហូតដល់បង្ខំឱ្យ ទឹកនោមហូរត្រឡប់ទៅតម្រងនោមវិញ។ នេះជាស្ថានភាពគ្រោះថ្នាក់ខ្លាំងដែលអាចនាំឱ្យមាន ជំងឺខ្សោយតម្រងនោមស្រួចស្រាវ។
៤. ការបង្កើតក្រួសក្នុងផ្លូវទឹកនោម
ការរក្សាទឹកនោមយូរអង្វែងធ្វើឱ្យ សារធាតុរ៉ែក្នុងទឹកនោម ងាយនឹងធ្លាក់ចុះ និងកកផ្ដុំគ្នា ដែលអាចនាំឱ្យកើត ក្រួស នៅក្នុងប្លោកនោម ឬតម្រងនោម។
៥. ឈឺពោះផ្នែកខាងក្រោម
ការកាន់ទឹកនោមលើសកំណត់អាចបណ្តាលឱ្យមាន ការឈឺចាប់ខ្លាំង នៅពោះផ្នែកខាងក្រោម ហើយអាចបង្កជាទម្លាប់នោមញឹកញាប់ ទោះបីជាមានទឹកនោមតិចតួចក៏ដោយ។
៦. បាត់បង់សមត្ថភាពគ្រប់គ្រងការនោម
ការទប់នោមក្នុងរយៈពេលយូរអាចធ្វើឱ្យ សាច់ដុំ sphincter ដែលជាសាច់ដុំគ្រប់គ្រងការនោម ចុះខ្សោយ ដែលនាំឱ្យមានបញ្ហារយៈពេលវែងក្នុងការគ្រប់គ្រងការនោម (នោមមិនទាន់)។
ដើម្បីថែរក្សាសុខភាពផ្លូវទឹកនោម និងតម្រងនោម សូមកុំទប់នោមនៅពេលណាដែលអ្នកមានអារម្មណ៍ចង់បត់ជើងតូច។ ចូលបន្ទប់ទឹកភ្លាមៗនៅពេលមានសញ្ញា៕
ប្រភពពី៖ បរទេស