មនុស្សជាច្រើនគិតថា ផ្កាកេសរកូល (Orchid) គ្រាន់តែជារុក្ខជាតិសម្រាប់ដាក់តាំងលម្អ ប៉ុន្តែផ្កាដ៏ស្រស់ស្អាតនេះផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ការដាំផ្កាកេសរកូលនៅក្នុងផ្ទះ ឬកន្លែងធ្វើការ គឺជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់គុណភាពជីវិតរបស់អ្នក!
អត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្កាកេសរកូលសម្រាប់សុខភាពអ្នក
១. ពង្រឹងគុណភាពខ្យល់ និងការដកដង្ហើម
ផ្កាកេសរកូលដើរតួជាតម្រងខ្យល់ធម្មជាតិ ដោយស្រូបយក កាបូនឌីអុកស៊ីត ហើយបញ្ចេញ អុកស៊ីសែន ត្រឡប់មកវិញ។ នេះជួយធ្វើឱ្យខ្យល់ជុំវិញអ្នកកាន់តែបរិសុទ្ធ និងស្រស់ស្រាយ ដែលជាកត្តាសំខាន់សម្រាប់ការដកដង្ហើមប្រកបដោយផាសុកភាព។
២. កាត់បន្ថយភាពតានតឹង និងការពារជំងឺរ៉ាំរ៉ៃ
ការតុបតែងលម្អបរិយាកាសដោយផ្កាកេសរកូលអាចជួយ បន្ធូរអារម្មណ៍តានតឹង របស់អ្នកបានយ៉ាងពូកែ។ ក្រៅពីជួយឱ្យអ្នកមានអារម្មណ៍ល្អ ការកាត់បន្ថយភាពតានតឹងនេះក៏អាច កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង (Cardiovascular Disease) និងបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។
៣. ទប់ស្កាត់ជំងឺដែលកើតតាមរដូវ
ផ្កាកេសរកូលជួយ បង្កើនសំណើម នៅក្នុងបរិយាកាសជុំវិញ។ សំណើមខ្ពស់អាចជួយអ្នកឱ្យជៀសផុតពីជំងឺឈឺក, ក្អក, និងបញ្ហាស្បែកស្ងួត។ ការស្រាវជ្រាវមួយចំនួនថែមទាំងបង្ហាញថា កម្រិតសំណើមល្អអាចកាត់បន្ថយការកើតមាន ជំងឺផ្តាសាយ ទៀតផង!
៤. ជួយអ្នកជំងឺឱ្យឆាប់ជាសះស្បើយ
វត្តមានរបស់រុក្ខជាតិបៃតងនៅក្នុងមន្ទីរពេទ្យមិនមែនជារឿងចៃដន្យទេ។ ផ្កាកេសរកូលអាចជួយ កាត់បន្ថយភាពតានតឹង, ពង្រឹងគុណភាពខ្យល់, និងបង្កើនសំណើម នៅក្នុងបន្ទប់អ្នកជំងឺ ដែលជួយជំរុញឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។
៥. ពង្រឹងការផ្តោតអារម្មណ៍ និងការចងចាំ
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Michigan ការដាក់រុក្ខជាតិនៅក្បែរខ្លួនអាចជួយ បង្កើនសមត្ថភាពផ្តោតអារម្មណ៍ និងផលិតភាពការងារ របស់អ្នក។ ជាពិសេស វាអាចជួយពង្រឹងការចងចាំរបស់អ្នកបានរហូតដល់ ២០ ភាគរយ ឯណោះ!
កេសរកូល៖ កេរដំណែលខ្មែរពីបុរាណ
មនុស្សជាច្រើនគិតថា កេសរកូល (អ័រគីដេ) ជាផ្កានាំចូល ប៉ុន្តែតាមពិតឈ្មោះពិតរបស់វាគឺ កេសរកូល ដែលមានដុះនៅក្នុងព្រៃធម្មជាតិនៅកម្ពុជារាប់រយប្រភេទ តាំងពីបុរាណកាលមកម្ល៉េះ។ ភស្តុតាងគឺមានចម្លាក់ផ្កាកេសរកូលនៅលើជញ្ជាំង ប្រាសាទបាយ័ន បន្ទាយស្រី និងអង្គរវត្ត ដែលបញ្ជាក់ថា បុព្វបុរសខ្មែរបានប្រើប្រាស់ផ្កានេះជាវត្ថុលម្អតាំងពីសម័យអង្គរ ឬមុនអង្គរមកម្ល៉េះ។
កុំភ្លេចបន្ថែមផ្កាកេសរកូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានទាំងសោភណភាព និងសុខភាពដ៏ល្អប្រសើរ!
ប្រភព៖ ក្រសួងបរិស្ថាន