បូសអន្ទង់ មិនមែនជាបញ្ហាតូចតាចដែលអ្នកអាចមើលរំលងបានឡើយ! ការពន្យារពេលព្យាបាល ឬការលេបថ្នាំអូសបន្លាយតែឯង ដោយមិនបានវះកាត់បង្ហូរខ្ទុះចេញ និងកាត់ផ្ដាច់ប្រភពដើម អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងររហូតដល់ គ្រោះថ្នាក់ដល់អាយុជីវិត។
៣ ផលវិបាកធ្ងន់ធ្ងរនៃបូសអន្ទង់ដែលមិនបានព្យាបាលត្រឹមត្រូវ
១. ហានិភ័យឆ្លងមេរោគក្នុងឈាម និងការស្លាប់
ប្រសិនបើបូសបន្តហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញទាន់ពេល វានឹងរាលដាលយ៉ាងធ្ងន់ធ្ងរ។ ការរាលដាលនេះអាចបង្កឱ្យមានស្ថានភាពគ្រោះថ្នាក់បំផុតដែលហៅថា Gangrène de Fournier (ការស្លោកពេញតំបន់បាត) និងបណ្តាលឱ្យ ឆ្លងមេរោគចូលក្នុងឈាម (Septicémie) ដែលអាចនាំទៅដល់ការស្លាប់បាន។
- ហានិភ័យខ្ពស់ចំពោះ: អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជា មនុស្សចាស់ជរា និង អ្នកជំងឺទឹកនោមផ្អែម ជាដើម។
២. ការលាប់ឡើងវិញជាច្រើនសា
បូសអន្ទង់មានលក្ខណៈពិសេសត្រង់ថា វាតែងតែមាន ផ្លូវរូង និង ប្រភពដើម ស្ថិតនៅខាងក្នុងរន្ធបាត។ ប្រសិនបើគ្រូពេទ្យមិនបានធ្វើការវះកាត់ដើម្បី កាត់ផ្ដាច់ផ្លូវរូង និងប្រភពដើម នេះទេ បូសអន្ទង់នឹង លាប់ឡើងវិញចុះឡើង មិនចេះចប់។
៣. បញ្ហារំខានរ៉ាំរ៉ៃ
ទោះមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរក៏ដោយ បូសអន្ទង់ដែលមិនបានព្យាបាល នាំឱ្យមានការឈឺចាប់ ការរមាស់ និងការ ហូរខ្ទុះជាប្រចាំ ដែលបង្កភាពរំខានយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ និងប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក។
ប្រសិនបើលោកអ្នកសង្ស័យថាមានបញ្ហា ឬមានរោគសញ្ញានៃបូសអន្ទង់ដូចដែលបានរៀបរាប់ខាងលើ ប្រញាប់ទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីទទួលបាននូវរោគវិនិច្ឆ័យច្បាស់លាស់ និងវិធីសាស្ត្រព្យាបាលដ៏មានប្រសិទ្ធភាព ទាន់ពេលវេលា៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត