មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ ជំងឺថប់បារម្ភដែលឧស្សាហ៍ជួបប្រទះ គឺអាចព្យាបាលបាន ។
១. អ្វីជាជំងឺថប់បារម្ភ ?
ពាក្យថា «ថប់បារម្ភ» មានន័យថា មានអារម្មណ៍ធុញថប់ ព្រួយបារម្ភ ឬភ័យខ្លាច ។ អាការៈថប់បារម្ភអាចស្ដែងចេញដូចជាឧស្សាហ៍ញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង តឹងក្បាល តឹងកញ្ចឹងក ចុករោយសាច់ដុំ ស្ងួតមាត់ ចេះតែចង់បត់ជើង មានអារម្មណ៍មិនស្រួលក្នុងខ្លួន ខ្លាចថា គាំងបេះដូង ខ្លាចទៅជាឆ្កួតជាដើម។ ជំងឺថប់បារម្ភជាចង្កោមនៃជំងឺជាច្រើនដូចជា ជំងឺស្រឺត ជំងឺអាកូរ៉ាហ្វូបៀ ជំងឺថប់បារម្ភសង្គម និងជំងឺថប់បារម្ភទូទៅជាដើម។
២. ការវិវត្ត និងផលវិបាក៖
ជំងឺថប់បារម្ភច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចទៅជាឧស្សាហ៍ធ្វើទុក្ខក្នុងខ្លួន ទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា និងគ្រឿងញៀន ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។
៣. ការព្យាបាល៖
យ៉ាងណាក៏ដោយ ជំងឺថប់បារម្ភអាចព្យាបាលជាសះស្បើយ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រពីសំណាក់វេជ្ជបណ្ឌិតឯកទេស ។
សារផ្តាំផ្ញើរ៖
សូមចងចាំថា ការមានជំងឺថប់បារម្ភ មិនមែនបានន័យថាអ្នកទន់ខ្សោយ មិនចេះគ្រប់គ្រងចិត្តខ្លួនឯង ឬចរិតមានបញ្ហានោះទេ ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ អ្វីដែលល្អ គឺមានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺថប់បារម្ភ ៕