ជំងឺមហារីកបំពង់អាហារ (Esophageal cancer) កើតឡើងនៅពេលដែលកោសិកាបំពង់អាហារលូតលាស់លឿនខុសធម្មតា បង្កើតបានជាដុំសាច់មហារីក។ ការយល់ដឹងពីកត្តាប្រឈម និងរោគសញ្ញាដំបូងៗ អាចជួយឱ្យអ្នកប្រុងប្រយ័ត្ន និងស្វែងរកការព្យាបាលទាន់ពេលវេលា។
កត្តាប្រឈមសំខាន់ៗដែលបង្កឱ្យមានមហារីកបំពង់អាហារ
- ទម្លាប់រស់នៅ: ការជក់ បារី និងការផឹក គ្រឿងស្រវឹង ក្នុងរយៈពេលយូរ អាចបង្កើនហានិភ័យយ៉ាងខ្លាំង។
- បញ្ហាសុខភាព: ជំងឺច្រាលជាតិអាស៊ីតក្រពះ (GERD) និងការរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវ អាចធ្វើឱ្យជាលិកាបំពង់អាហារមានការប្រែប្រួល។
- អាយុ និងភេទ: ជំងឺនេះច្រើនកើតលើមនុស្សដែលមាន អាយុលើសពី ៥៥ ឆ្នាំ ជាពិសេស បុរស។
- របបអាហារ: ការទទួលទានអាហារមិនសមស្រប និងកត្តាតំណពូជ ក៏អាចជាដើមចមផងដែរ។
រោគសញ្ញាគួរឱ្យកត់សម្គាល់នៃមហារីកបំពង់អាហារ
អ្នកជំងឺដែលមានជំងឺមហារីកបំពង់អាហារ តែងតែមានរោគសញ្ញាដូចខាងក្រោម៖
- ពិបាកលេប: ដំបូងពិបាកលេបអាហាររឹង បន្ទាប់មកពិបាកលេបអាហាររាវ ហើយចុងក្រោយសូម្បីតែទឹកក៏ពិបាកលេបដែរ។
- ឈឺចាប់នៅពេលលេប: មានអារម្មណ៍ឈឺចាប់នៅពេលលេបអាហារ។
- ចុកណែនទ្រូង: មានអារម្មណ៍ចុកណែនក្នុងដើមទ្រូង និងមានអារម្មណ៍អួលៗ។
- បញ្ហាប្រព័ន្ធរំលាយអាហារ: ក្អួតចង្អោរក្រោយពេលញ៉ាំអាហារ។
- ការស្រកទម្ងន់: ស្រកទម្ងន់ខ្លាំង ខុសពីធម្មតា ដោយមិនដឹងមូលហេតុ។
- រោគសញ្ញាផ្សេងទៀត: មានអារម្មណ៍ស្លេកស្លាំង អស់កម្លាំង, មិនចង់ទទួលទានអាហារ, និងជួនកាលមានការហូរឈាម។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។ ការព្យាបាលទាន់ពេល គឺជាគន្លឹះដ៏សំខាន់សម្រាប់ជីវិតរបស់អ្នក។
ប្រភព: មន្ទីរពេទ្យកាល់ម៉ែត