ការរលាកប្រព័ន្ធទឹកនោមគឺជាការបង្ករោគដោយបាក់តេរីនៅក្នុងប្រព័ន្ធទឹកនោម។ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍ពីសញ្ញាទាំងនេះទេ វាអាចវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរបាន។ តស់មកមើលសញ្ញាព្រមាន និងវិធីព្យាបាលងាយៗដើម្បីការពារខ្លួនពីជំងឺនេះ។
១. រោគសញ្ញាដែលអ្នកគួរប្រយ័ត្ន
- នោមញឹក នោមក្រហាយ និងនោមទាស់៖ សញ្ញាដំបូងដែលអ្នកអាចចាប់អារម្មណ៍បាន គឺការឈឺចាប់ ក្រហាយ ឬនោមញឹកខុសពីធម្មតា ជាពិសេសពេលនោមម្តងៗមានអារម្មណ៍ដូចនោមមិនអស់។
- គ្រុនក្តៅ៖ ក្នុងករណីខ្លះ អ្នកអាចនឹងក្តៅខ្លួន ដែលជាសញ្ញាបង្ហាញថាការឆ្លងមេរោគកំពុងរីករាលដាល។
២. វិធីកំណត់រោគវិនិច្ឆ័យ
ប្រសិនបើអ្នកមានរោគសញ្ញាខាងលើ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។ គ្រូពេទ្យនឹងធ្វើតេស្តដូចជា៖
- ការវិភាគទឹកនោម៖ ពិនិត្យរកបាក់តេរី និងកោសិកាឈាមសនៅក្នុងទឹកនោម។
- ការបណ្តុះមេរោគ៖ ដើម្បីកំណត់ពីប្រភេទបាក់តេរីដែលបង្កឱ្យមានការឆ្លងមេរោគ។
- ការវិភាគអេកូសាស្ត្រ ឬថតកាំរស្មីអ៊ិច៖ ក្នុងករណីចាំបាច់ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការស្កេនដើម្បីរកមើលមូលហេតុនៃការស្ទះបំពង់ទឹកនោម។
៣. ការព្យាបាល
ការព្យាបាលត្រូវតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំ អង់ទីប៊ីយ៉ូទិក ដោយផ្អែកលើលទ្ធផលបណ្តុះមេរោគ។ រយៈពេលនៃការព្យាបាលអាចប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃជំងឺរបស់អ្នក។
ប្រសិនបើអ្នកសង្ស័យថាមានសញ្ញាណាមួយខាងលើ សូមកុំស្ទាក់ស្ទើរក្នុងការទៅពិគ្រោះជាមួយគ្រូពេទ្យ ឬមន្ទីរពេទ្យដែលនៅជិតអ្នកបំផុត ដើម្បីទទួលបានការពិគ្រោះ និងការព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត