បញ្ហាគេងមិនលក់ ឬភ្ញាក់កណ្តាលយប់ គឺជារឿងធម្មតាដែលមនុស្សភាគច្រើនតែងជួបប្រទះសព្វថ្ងៃ។ បញ្ហានេះច្រើនបណ្តាលមកពីស្ត្រេស ឬទម្លាប់នៃការគេងមិនល្អ។ បើអ្នកកំពុងស្វែងរកដំណោះស្រាយបែបធម្មជាតិ គួរតែសាកល្បងផឹក “ទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗ” មួយកែវមុនពេលចូលគេង។
ហេតុអ្វីបានជាទឹកឃ្មុំជួយឱ្យអ្នកគេងលក់ស្រួល?
- ជួយឱ្យខួរក្បាល និងរាងកាយសម្រាក៖ ការផឹកទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗ នឹងជួយសម្រួលសរសៃប្រសាទ និងសាច់ដុំក្នុងរាងកាយឱ្យបានធូរស្រាល។ ភាពកក់ក្តៅរបស់ទឹក ជួយសម្រួលរាងកាយឱ្យស្ងប់ និងត្រៀមខ្លួនសម្រាប់គេង។
- ជំរុញការផលិតអ័រម៉ូន Serotonin និង Melatonin៖ ទឹកឃ្មុំមានជាតិស្ករធម្មជាតិ ដែលជំរុញខួរក្បាលឱ្យផលិតអ័រម៉ូន Serotonin ជាអ័រម៉ូនដែលជួយឱ្យអារម្មណ៍ល្អ។ ក្រោយមក Serotonin នឹងប្រែជាអ័រម៉ូន Melatonin ដែលជាអ័រម៉ូនសំខាន់សម្រាប់គ្រប់គ្រងវដ្តនៃការគេង។
- រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព៖ ទោះបីទឹកឃ្មុំជាជាតិស្ករ ប៉ុន្តែវាជាជាតិស្ករធម្មជាតិដែលជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនបានល្អក្នុងពេលគេង។ វាក៏ជួយការពារការឃ្លានអាហារ ឬការភ្ញាក់ពីដំណេកពេលយប់ដោយសារតែជាតិស្ករក្នុងឈាមធ្លាក់ចុះ។
វិធីសាស្រ្តងាយៗដើម្បីធ្វើភេសជ្ជៈពិសេសនេះ
- រៀបចំទឹកក្តៅឧណ្ហៗមួយកែវ (ប្រហែល ២០០ មិលី្លលីត្រ)។
- លាយជាមួយទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ។
- កូរឱ្យសព្វ ហើយផឹកប្រហែល ៣០ នាទីមុនពេលចូលគេង។
ការផឹកទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗជាប្រចាំ គឺជាជម្រើសធម្មជាតិដ៏ល្អមួយផ្សេងទៀត ដែលអាចជួយឱ្យអ្នកគេងលក់កាន់តែជ្រៅ ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំងងុយគេងឡើយ។ តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីសាកល្បង?