ជំងឺរលាកក្រពះពោះវៀន (Gastroenteritis) គឺជាការរលាកស្រទាប់ក្រពះនិងពោះវៀន ។ ជំងឺនេះ បង្កឡើងដោយវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលធ្វើឱ្យអ្នកជំងឺមានអាការៈដូចខាងក្រោម ៖
រោគសញ្ញាទូទៅ
–រាគរូស៖ ជាអាការៈទូទៅបំផុត ដែលអាចមានលាយឡំជាមួយឈាម ឬស្លេស។
–ក្អួតចង្អោរ៖ ក្អួតជាញឹកញាប់ ហើយពេលខ្លះមានការឈឺចាប់ក្នុងក្រពះ។
–ឈឺចាប់ក្នុងពោះ៖ ឈឺចាប់រមួលៗ ឬចុកពោះខ្លាំង។
–គ្រុនក្ដៅ៖ ក្ដៅខ្លួនអាចមានតិច ឬខ្លាំង អាស្រ័យលើប្រភេទមេរោគ។
–ខ្សោះជាតិទឹក៖ មាត់ស្ងួត បបូរមាត់ប្រេះ នោមតិច ឬពណ៌ទឹកនោមលឿងខ្លាំង។ នេះជាអាការៈគ្រោះថ្នាក់បំផុតដែលត្រូវប្រុងប្រយ័ត្ន។
វិធីការពារ និងព្យាបាលបឋម
–ផឹកទឹកឱ្យបានច្រើន៖ គួរផឹកទឹកស្អាត ទឹកអូរ៉ាលីត (ORS) ឬទឹកផ្លែឈើ ដើម្បីទប់ស្កាត់ការខ្សោះជាតិទឹក។
–ញ៉ាំអាហារស្រួលរំលាយ៖ គួរចៀសវាងអាហារហឹរ ខ្លាញ់ច្រើន ទឹកដោះគោ និងអាហារឆៅ។
–សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ ហើយឆាប់ជាសះស្បើយ។
–លាងដៃឱ្យបានញឹកញាប់៖ មុនពេលបរិភោគអាហារ និងក្រោយពេលចូលបន្ទប់ទឹក ត្រូវលាងដៃជាមួយសាប៊ូឱ្យបានស្អាត។
ប្រសិនបើរោគសញ្ញាមិនធូរស្រាល ឬអ្នកមានអាការៈធ្ងន់ធ្ងរដូចជា ក្អួតខ្លាំង រាគមានឈាម ឬខ្សោយកម្លាំងខ្លាំង គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ ៕