ស្រ្តីជាច្រើនប្រហែលជាធ្លាប់បានឮអំពី ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន ដែលជាដុំសាច់ដុះនៅក្នុងស្រទាប់សាច់ដុំស្បូន។ ជំងឺនេះអាចបង្កបញ្ហាដល់សុខភាព និងការបន្តពូជ។ ថ្ងៃនេះយើងនឹងឈ្វេងយល់លម្អិតពីមូលហេតុ រោគសញ្ញា និងរបៀបតាមដានជំងឺនេះ ដើម្បីការពារខ្លួន។
ប្រភេទនៃដុំសាច់នៅភ្នាសក្នុងស្បូន
ដុំសាច់នេះត្រូវបានបែងចែកជា ៣ កម្រិត៖
- កម្រិតទី ១ (Grade 0): ដុំសាច់មានទងច្បាស់លាស់ និងមានទំហំតូចជាង ៣ សង់ទីម៉ែត្រ។
- កម្រិតទី ២ (Grade 1): ដុំសាច់មានទងធំជាងមុន ហើយចាប់ផ្ដើមស៊ីចូលទៅក្នុងសាច់ដុំស្បូន។
- កម្រិតទី ៣ (Grade 2): ដុំសាច់មានទំហំធំជាង ៥ សង់ទីម៉ែត្រ និងស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំស្បូន ហើយគ្មានទងច្បាស់លាស់។
មូលហេតុចម្បងដែលបណ្ដាលឱ្យកើតជំងឺនេះ
ជំងឺដុំសាច់នៅភ្នាសក្នុងស្បូនកើតមានចំពោះស្រ្តីដែលស្ថិតក្នុងវ័យបន្តពូជ ហើយវាបណ្តាលមកពីកត្តាដូចជា៖
- ភាពមិនប្រក្រតីនៃអ័រម៉ូន: កើតលើស្រ្តីដែលមានអ័រម៉ូនអ៊ឺស្រ្តូហ្សែន (Estrogen) លើស ឬមានបញ្ហាអ័រម៉ូនផ្សេងទៀត។
- វដ្ដរដូវមិនទៀងទាត់: ស្រ្តីដែលមានវដ្ដរដូវមិនទៀងទាត់ក៏ប្រឈមនឹងជំងឺនេះដែរ។
- កត្តាបរិស្ថាន: បរិយាកាស និងអាហារូបត្ថម្ភក៏ជាកត្តាមួយចំណែកផងដែរ។
គួរកត់សម្គាល់ថា ជំងឺនេះមិនកើតលើស្រ្តីមិនទាន់ពេញវ័យនោះទេ ហើយវាអាចនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលដែលស្រ្តីឈានដល់វ័យអស់រដូវ។
រោគសញ្ញាទាំង ៦ ដែលមិនគួរមើលរំលង
ស្រ្តីដែលមានជំងឺដុំសាច់នេះអាចជួបប្រទះនូវរោគសញ្ញាដូចខាងក្រោម៖
- ធ្លាក់ឈាមរដូវច្រើន និងយូរខុសធម្មតា: រយៈពេលនៃការមករដូវអាចអូសបន្លាយពេលយូរជាងធម្មតា។
- ធ្លាក់ឈាមក្រៅពេលមករដូវ: មានការធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា។
- ឈឺចាប់ខ្លាំងពេលមករដូវ: មានអារម្មណ៍ឈឺចុកចាប់ខ្លាំងជាងសព្វដង។
- រលូតកូននៅត្រីមាសដំបូង: អាចជាមូលហេតុនៃការរលូតកូន។
- ធ្លាក់ឈាមពេលមានផ្ទៃពោះ: វាអាចបង្កជាបញ្ហាធ្លាក់ឈាមអំឡុងពេលមានផ្ទៃពោះ។
- មានវិបត្តិអត់កូន: ដុំសាច់អាចបង្កបញ្ហាដល់ការបន្តពូជ។
ការព្យាបាល និងការតាមដាន
ប្រសិនបើដុំសាច់មិនបង្កបញ្ហាធ្លាក់ឈាម ឬវិបត្តិផ្សេងៗ អ្នកជំងឺមិនចាំបាច់ធ្វើការវះកាត់ទេ ហើយអាចតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យឯកទេសរោគស្រ្តី។ ប៉ុន្តែក្នុងករណីមានការធ្លាក់ឈាមច្រើនខុសធម្មតា ឬវិបត្តិអត់កូន គ្រូពេទ្យនឹងធ្វើការវះកាត់ដុំសាច់ចេញ។
សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ សូមចងចាំរោគសញ្ញាទាំងនេះ ហើយធ្វើការពិនិត្យសុខភាពទៀងទាត់ដើម្បីថែរក្សាខ្លួនឯង៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត