ជំងឺគ្រុនពោះវៀន (Typhoid Fever) គឺជាការឆ្លងមេរោគដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ការរីកចម្រើននៃទីក្រុង និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកើនឡើងនៃមេរោគដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច បានធ្វើឲ្យជំងឺនេះងាយរាលដាលជាពិសេសនៅក្នុងសហគមន៍ដែលមានអនាម័យខ្វះខាត។
វិធីចម្លង និងរោគសញ្ញា
ជំងឺគ្រុនពោះវៀនបណ្តាលមកពីបាក់តេរី Salmonella Typhi ដែលជាធម្មតាឆ្លងតាមរយៈការទទួលទានទឹក ឬអាហារមិនស្អាត។
រោគសញ្ញាសំខាន់ៗដែលអ្នកត្រូវចាប់អារម្មណ៍៖
- គ្រុនក្តៅខ្លាំង រហូតដល់ ៣៩-៤០ អង្សាសេ
 - អស់កម្លាំង និងឈឺក្បាលខ្លាំង
 - ចង្អោរ និងរាករូស ឬទល់លាមក
 - ករណីកម្រ៖ មានកន្ទួលក្រហមតូចៗនៅលើស្បែក ជាពិសេសលើពោះ
 
វិធីសាស្ត្រព្យាបាល និងបង្ការ
ប្រសិនបើអ្នកសង្ស័យថាមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យឈាម និងបណ្តុះមេរោគដើម្បីកំណត់ប្រភេទ និងផ្តល់ថ្នាំសម្លាប់មេរោគអង់ទីប៊ីយោទិចត្រឹមត្រូវ។
វិធីបង្ការដ៏ល្អបំផុតគឺការអនុវត្តអនាម័យខ្ពស់៖
- លាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលចូលបន្ទប់ទឹក។
 - ផឹកទឹកស្អាត និងបរិភោគ អាហារដែលចម្អិនឆ្អិនល្អ។
 - ចាក់វ៉ាក់សាំងការពារ ដែលអាចការពារបានក្នុងកម្រិត ៥០-៦០% ។ ដូច្នេះទម្លាប់អនាម័យនៅតែជាវិធានការការពារចម្បង។
 
ការថែទាំសុខភាពចាប់ផ្តើមពីទម្លាប់តូចៗ។ ការប្រុងប្រយ័ត្នខ្ពស់នឹងជួយការពារអ្នក និងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវនេះ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត