កុមារ៨៤២១នាក់ ទទួលបានការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា គិតមកដល់ខែសីហា ឆ្នាំ២០២៥ ។ នេះបើយោងតាមផេក មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសនាពេលថ្មីៗកន្លងមកនេះ ។
មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក បានបន្តថា ក្នុងរដូវវស្សា, មន្ទីរពេទ្យគន្ធបុប្ផាទាមទារឱ្យអាណាព្យាបាលប្រុងប្រយ័ត្ន និងការពារកូនពីសត្វមូសខ្លាខាំ ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។
ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលមានជំងឺគ្រុនឈាម បានជាង៦១៥ករណី ក្នុងនោះមានកុមារបាត់បង់ជីវិតចំនួន៥ករណី ។
ទោះបីជាចំនួនកុមារមានជំងឺគ្រុនឈាម តិចជាងឆ្នាំមុន ប៉ុន្តែមន្ទីរពេទ្យគន្ធបុប្ផា ចាត់ទុកថាចំនួននេះ នៅតែទាមទារឱ្យអាណាព្យាបាលទាំងអស់ប្រុងប្រយ័ត្ន និងការពារកូនពីសត្វមូសខ្លាខាំដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។
វេជ្ជបណ្ឌិត ម៉ែន មូនីរ័ត្ន ឯកទេសកុមារ បានឱ្យដឹងថា ជំងឺគ្រុនឈាមធ្ងន់ធ្ងរ អាចកើតឡើងដោយការព្យាបាលមិនត្រឹមត្រូវ ការមកព្យាបាលយឺតយ៉ាវ និងប្រភេទមេរោគនៃជំងឺដែលបានកើតលើកុមារជាដើម ។ បើតាមវេជ្ជបណ្ឌិតរូបនេះ កុមារដែលមានជំងឺគ្រុនឈាម អាចមានអាការក្ដៅខ្លួនខ្លាំង ចុកពោះ និងមានកន្ទូលក្រហមលើស្បែក ហូរឈាមតាមអញ្ចាញធ្មេញ និងច្រមុះ។ ដូច្នេះឪពុកម្ដាយ ដែលសង្ស័យកូនមានជំងឺគ្រុនឈាម ត្រូវប្រញាប់នាំកូនមកទទួលការព្យាបាលឱ្យបានទាន់ពេល ៕