តើអ្នកធ្លាប់គិតថាជំងឺពុកឆ្អឹងកើតមានតែលើមនុស្សចាស់ដែរឬទេ? ការពិតគឺថាជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ ជាពិសេសចំពោះស្ត្រីវ័យចំណាស់ និងអ្នកដែលមានកត្តាហានិភ័យមួយចំនួន។ ជំងឺពុកឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយ និងងាយបាក់ជាងមនុស្សទូទៅ ដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ជីវិត។
តើអ្វីបណ្តាលឱ្យកើតជំងឺពុកឆ្អឹង?
ជំងឺនេះបណ្តាលមកពីការថយចុះកំហាប់ឆ្អឹង ដែលអាចបណ្តាលមកពីកត្តាជាច្រើនដូចជា៖
- អ័រម៉ូន: កង្វះអ័រម៉ូនអឺស្ត្រូហ្សែន ជាពិសេសចំពោះស្ត្រីក្រោយអស់រដូវ។
- តំណពូជ: កត្តាហ្សែន។
- ទម្លាប់រស់នៅ: មិនសូវហាត់ប្រាណ, ញ៉ាំអាហារមានជាតិកាល់ស្យូមទាប, ជក់បារី, និងផឹកស្រាច្រើន។
- រូបរាងកាយ: អ្នកមានរាងកាយស្គម។
ផលវិបាក និងសញ្ញាព្រមាន
ជំងឺពុកឆ្អឹងអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា៖
- ការឈឺចាប់រ៉ាំរ៉ៃ
- ការបាក់ឆ្អឹងងាយៗ
- ពិការភាពរយៈពេលយូរ
រោគសញ្ញាសំខាន់ៗដែលគួរកត់សម្គាល់៖
- បាក់ឆ្អឹង ទោះបីជាមានគ្រោះថ្នាក់តិចតួចក៏ដោយ ដូចជាការរអិលដួល។
- ឈឺឆ្អឹងខ្នង ឬចង្កេះរ៉ាំរ៉ៃ។
- បាក់ឆ្អឹងត្រគាក ឬកដៃ ពេលច្រត់ដៃទប់ខ្លួនពេលដួល។
ប៉ុន្តែគួរឱ្យបារម្ភគឺពាក់កណ្ដាលនៃករណី អ្នកជំងឺមិនមានរោគសញ្ញាច្បាស់លាស់ទេ រហូតដល់វាធ្ងន់ធ្ងរ។
វិធីការពារ និងព្យាបាល
ការការពារគឺសំខាន់ជាងការព្យាបាល។ អ្នកអាចធ្វើបានដោយ៖
- របបអាហារ: ញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូម និងវីតាមីន D3 (ដូចជាទឹកដោះគោ, កូនត្រីតូចៗ)។
- ការហាត់ប្រាណ: ហាត់ប្រាណជាប្រចាំដើម្បីពង្រឹងឆ្អឹង។
- ការប៉ះពាល់ពន្លឺថ្ងៃ: ទទួលកម្តៅថ្ងៃគ្រប់គ្រាន់ដើម្បីឱ្យរាងកាយផលិតវីតាមីន D។
- ការកែប្រែទម្លាប់: ឈប់ជក់បារី និងផឹកស្រា។
- ការប្រុងប្រយ័ត្ន: ជៀសវាងការដួល ឬបុកប៉ះទង្គិច។
ប្រសិនបើអ្នកសង្ស័យថាមានរោគសញ្ញាខាងលើ សូមកុំស្ទាក់ស្ទើរ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសឆ្អឹង ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលទាន់ពេលវេលា។ ការដឹងពីស្ថានភាពសុខភាពរបស់អ្នកមុនពេលវាយឺតពេល គឺជាការការពារដ៏ល្អបំផុត៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត