ចេកជាផ្លែឈើដែលងាយរក ហើយមានតម្លៃថោក ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏អស្ចារ្យ។ តើអ្នកធ្លាប់ដឹងទេថា ការញ៉ាំចេកតាមរបៀបពិសេសអាចជួយបង្កើនអត្ថប្រយោជន៍ដល់សុខភាពបានកាន់តែច្រើន ជាពិសេសសម្រាប់ថ្លើម និងការគ្រប់គ្រងជាតិស្ករក្នុងឈាម?
ខាងក្រោមនេះជាវិធីសាស្រ្តថ្មី ៣ យ៉ាងដែលអ្នកជំនាញណែនាំ៖
១. ញ៉ាំចេកជាមួយម្សៅសណ្ដែកសៀង
ការផ្សំចេកជាមួយម្សៅសណ្តែកសៀងមិនត្រឹមតែបន្ថែមរសជាតិប៉ុណ្ណោះទេ តែវាក៏ជាការរួមផ្សំដ៏មានប្រយោជន៍ផងដែរ។ ម្សៅសណ្តែកសៀងសម្បូរទៅដោយសារធាតុ Isoflavones ដែលជួយដល់តុល្យភាពអ័រម៉ូន និង Oligosaccharides ដែលជួយបំប៉នបាក់តេរីល្អក្នុងពោះវៀន។ នៅពេលផ្សំជាមួយជាតិសរសៃពីចេក វានឹងជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងគ្រប់គ្រងជាតិស្ករក្នុងឈាមបានកាន់តែប្រសើរ។ វិធីនេះល្អបំផុតសម្រាប់ញ៉ាំនៅពេលព្រឹក។
២. ធ្វើជាការ៉េមចេកល្អសម្រាប់ថ្លើម
ជំនួសឱ្យការញ៉ាំការ៉េមដែលពោរពេញដោយជាតិស្ករ អ្នកអាចធ្វើការ៉េមចេកដោយយកចេកទុំទៅកក។ ការស្រាវជ្រាវបានបង្ហាញថា ការបង្កកចេកអាចបង្កើនកម្រិត Polyphenols ទ្វេដង ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់។ សារធាតុនេះជួយការពារសរសៃឈាម, ជំរុញមុខងារថ្លើម, និងជួយកម្ចាត់ជាតិពុលចេញពីថ្លើម។
៣. ចម្អិនជាមួយការី
ការចម្អិនចេកជាមួយការីមិនត្រឹមតែផ្តល់រសជាតិប្លែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពីចេកបានល្អជាងមុនផងដែរ។ អ្នកអាចកិនចេកឆៅ ឬចេកទុំរួចបន្ថែមវាចូលក្នុងសម្លការី។ ការចម្អិនចេកឆៅជាពិសេស ត្រូវបានគេប្រើជាឱសថបុរាណដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម, ជំរុញការផលិតអេម៉ូក្លូប៊ីន, និងបំបាត់អាការៈរាក។
អ្វីដែលអ្នកគួរប្រយ័ត្ន
- កម្រិតសមល្មម: កុំញ៉ាំចេកទុំលើសពី ២ ផ្លែក្នុងមួយថ្ងៃ ព្រោះវាអាចបង្កើនជាតិស្ករក្នុងឈាម។
- សម្រាប់អ្នកជំងឺទឹកនោមផ្អែម: គួរជ្រើសរើសចេកឆៅ ឬចេកដែលមិនទុំខ្លាំង។
- បញ្ហាក្រពះ: ជៀសវាងការញ៉ាំចេកពេលពោះទទេ ព្រោះវាអាចបណ្ដាលឱ្យហើមពោះ។
ការផ្លាស់ប្តូរទម្លាប់ញ៉ាំចេកបន្តិចបន្តួចអាចផ្តល់អត្ថប្រយោជន៍ដ៏ធំដល់សុខភាពរបស់អ្នក។ តើអ្នកត្រៀមខ្លួនសាកល្បងហើយឬនៅ?