ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះថា បានរកឃើញការកើនឡើង នៃជំងឺពងបែក ដៃ ជើង និងមាត់ នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល ។
ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់ គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ ។
របៀបចម្លង ៖
ជំងឺនេះក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវ នៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែកលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ ។
រោគសញ្ញា ៖
-មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និងកំប៉ះគូទ។
-ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)។
-ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។