តើអ្នកដឹងទេថា ភាពមិនប្រក្រតីនៃបេះដូងពីកំណើតគឺជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក? វាអាចមានរហូតដល់ ១% នៃទារកដែលកើតមក។ ជំងឺនេះអាចបែងចែកជាពីរប្រភេទ៖ ប្រភេទស្រាលដែលមិនសូវប៉ះពាល់ និងប្រភេទធ្ងន់ធ្ងរដែលអាចបណ្ដាលឱ្យខ្សោយបេះដូង ឬបាត់បង់ជីវិត។
ហេតុអ្វីបានជាការពិនិត្យបេះដូងពីកំណើតមានសារៈសំខាន់?
ទោះបីជាជំងឺនេះមានគ្រោះថ្នាក់ក៏ដោយ ក៏វាអាចព្យាបាលបានប្រសិនបើរាប់រកឃើញទាន់ពេលវេលា។ ការពិនិត្យបេះដូងទារកអាចជួយ៖
- កំណត់អត្តសញ្ញាណបញ្ហា: រកឃើញពីភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធបេះដូងរបស់ទារកតាំងពីក្នុងផ្ទៃ។
- ផ្តល់ការព្យាបាលទាន់ពេល: ក្នុងករណីធ្ងន់ធ្ងរ ការបញ្ជូនទារកទៅកាន់អ្នកជំនាញឱ្យបានលឿន នឹងជួយឱ្យពួកគេទទួលបានការព្យាបាលសមស្រប ដូចជាការវះកាត់។
តើត្រូវពិនិត្យដោយវិធីណា?
- អេកូទារកក្នុងផ្ទៃ: ការពិនិត្យអាចធ្វើឡើងចន្លោះពី ១៨ ទៅ ២២ សប្តាហ៍នៃការមានផ្ទៃពោះ។ វិធីនេះអាចរកឃើញបញ្ហាបេះដូងពីកំណើតបានប្រហែល ៨០% ទៅ ៩០%។
- អេកូបេះដូងទារកក្រោយកើត: គឺជាវិធីសាស្រ្តដែលមានលទ្ធផលត្រឹមត្រូវ និងច្បាស់លាស់។ វាមិនបង្កការឈឺចាប់ និងងាយស្រួលធ្វើ។ ប៉ុន្តែវាទាមទារអ្នកជំនាញដែលមានបទពិសោធ។
ក្រោយពីរកឃើញហើយ តើត្រូវធ្វើដូចម្តេច?
គ្រូពេទ្យឯកទេសនឹងណែនាំអ្នកទៅតាមស្ថានភាពជាក់ស្ដែង៖
- ប្រភេទស្រាល: គ្រូពេទ្យនឹងណាត់អ្នកឱ្យមកពិនិត្យតាមដានជាបន្តបន្ទាប់។
- ប្រភេទធ្ងន់ធ្ងរ: គ្រូពេទ្យនឹងបញ្ជូនទារកទៅផ្នែកបេះដូងកុមារដើម្បីព្យាបាលភ្លាមៗ។
ការរកមើលជំងឺបេះដូងពីកំណើតដោយវិធីអេកូបេះដូង និងការបញ្ជូនទារកទៅកាន់អ្នកជំនាញឱ្យបានទាន់ពេលវេលា គឺជាគន្លឹះដ៏ចាំបាច់បំផុតដើម្បីសង្គ្រោះជីវិតកូនរបស់អ្នក៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត