ការថែរក្សាសុខភាពខួរក្បាលឲ្យបានល្អ គឺជារឿងសំខាន់បំផុត ជាពិសេសសម្រាប់អ្នកសិក្សា និងអ្នកធ្វើការ ។ អាហារមួយចំនួនដើរតួយ៉ាងសំខាន់ ក្នុងការជួយពង្រឹងការចងចាំ និងមុខងារខួរក្បាល ។
១. ត្រីសមុទ្រសម្បូរខ្លាញ់ (Fatty Fish)
ត្រីដូចជា ត្រីសាល់ម៉ុន ត្រីធូណា និងត្រីសាឌីន សម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3 fatty acids) ។ ប្រហែល ៦០% នៃខួរក្បាលត្រូវបានបង្កើតឡើងពីជាតិខ្លាញ់ ហើយពាក់កណ្តាលនៃជាតិខ្លាញ់នោះគឺជាអូមេហ្គា-៣ ។ ដូច្នេះ ការទទួលទានត្រីទាំងនេះអាចជួយបង្កើតកោសិកាខួរក្បាល និងពង្រឹងការចងចាំបានយ៉ាងល្អ។
២. ផ្លែឈើអម្បូរបឺរី (Berries)
ផ្លែឈើដូចជា ស្ត្របឺរី ប្លូបឺរី និងរ៉ាស់បឺរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា Flavonoids ដែលអាចជួយការពារកោសិកាខួរក្បាលពីការខូចខាត និងពន្យឺតការថយចុះនៃការចងចាំដែលទាក់ទងនឹងវ័យ ។
៣. បន្លែបៃតង
បន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ (Spinach) និងខាត់ណា (Kale) មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន K, Folate និង Beta-carotene ដែលជួយពង្រឹងការចងចាំ និងការផ្ចង់អារម្មណ៍បានល្អ ។
៤. ស៊ុត
ស៊ុតមានផ្ទុកនូវ Choline និងវីតាមីន B ដែលជួយកាត់បន្ថយការរលាក និងការពារការថយចុះមុខងារខួរក្បាល ។ Choline គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជួយដល់ការចងចាំ និងការយល់ដឹង ។
៥. គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ
គ្រាប់អាល់ម៉ុន គ្រាប់វ៉ាល់ណាត់ និងគ្រាប់ល្ពៅ សម្បូរទៅដោយ វីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្ម ។ វីតាមីន E ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខួរក្បាលពីភាពតានតឹងអុកស៊ីតកម្ម (oxidative stress) និងជួយឲ្យមុខងារខួរក្បាលដំណើរការបានរលូន ៕