ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលយើងតែងតែមើលរំលង អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពបេះដូងដោយមិនដឹងខ្លួន ។ ការយល់ដឹងអំពីទម្លាប់ទាំងនេះអាចជួយអ្នកការពារខ្លួនពីជំងឺបេះដូង។
១. ទម្លាប់នៃការបរិភោគមិនត្រឹមត្រូវ
-ការញ៉ាំអាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់៖ ដូចជាអាហារបំពង (fried food), សាច់ខ្លាញ់ និងផលិតផលកែច្នៃ។ អាហារទាំងនេះបង្កើនជាតិខ្លាញ់អាក្រក់ (LDL cholesterol) ដែលធ្វើឲ្យសរសៃឈាមរឹង និងស្ទះ ។
-ការញ៉ាំអាហារមានជាតិស្ករ និងអំបិលច្រើន ៖ ជាតិស្ករច្រើនអាចនាំឲ្យមានជំងឺទឹកនោមផ្អែម និងធាត់ ដែលបង្កើនហានិភ័យនៃជំងឺបេះដូង ។ ឯជាតិអំបិលច្រើនអាចបង្កើនសម្ពាធឈាម។
២. ការរស់នៅមិនសកម្ម
-អង្គុយច្រើនពេក៖ ការអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺបេះដូង និងធាត់។ ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយពង្រឹងសាច់ដុំបេះដូង និងកាត់បន្ថយសម្ពាធឈាម។
៣. ការគ្រប់គ្រងអារម្មណ៍មិនបានល្អ
-ភាពតានតឹង (Stress)៖ ភាពតានតឹងរ៉ាំរ៉ៃអាចបង្កើនអ័រម៉ូន Cortisol ដែលអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងប៉ះពាល់ដល់បេះដូង។
-កំហឹង និងអារម្មណ៍អវិជ្ជមាន៖ ការឆាប់ខឹង ឬអារម្មណ៍អវិជ្ជមានញឹកញាប់អាចដាក់សម្ពាធលើប្រព័ន្ធសរសៃឈាមបេះដូង។
៤. ទម្លាប់មិនល្អផ្សេងៗ
-ការជក់បារី៖ ការជក់បារីធ្វើឲ្យខូចខាតសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺគាំងបេះដូងយ៉ាងខ្លាំង។ សារធាតុនីកូទីនអាចបង្កើនសម្ពាធឈាម និងអត្រាចង្វាក់បេះដូង ។
-ការផឹកគ្រឿងស្រវឹងច្រើនពេក ៖ ការទទួលទានគ្រឿងស្រវឹងច្រើនអាចបង្កើនសម្ពាធឈាម និងនាំឲ្យមានបញ្ហាបេះដូង។
-ការគេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ (តិចជាង ៧ ម៉ោង) អាចបង្កើនហានិភ័យនៃជំងឺសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
ដើម្បីថែរក្សាសុខភាពបេះដូងបានល្អ អ្នកគួរតែផ្លាស់ប្ដូរទម្លាប់ទាំងនេះ ។ ចាប់ផ្តើមពីការញ៉ាំអាហារល្អ ការហាត់ប្រាណទៀងទាត់ និងការគ្រប់គ្រងអារម្មណ៍ នោះបេះដូងរបស់អ្នកនឹងមានសុខភាពល្អ ៕