មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថ្មីនេះថា ៖ ជំងឺរីកសរសៃវ៉ែនពងស្វាស ( Varicoceles) ។
១. អ្វីទៅជាជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាស?
ជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាសជាជំងឺ ដែលសរសៃវ៉ែនរបស់ពងស្វាសរបស់បុរសឡើងរីកទំហំខុសធម្មតា គេសង្កេតឃើញច្រើនកើតលើបុរសកំពុងពេញវ័យនិងបន្តវិវត្តពីដំណាក់កាលទី១ ដល់ទី៤ដែលអាចសង្កេតឃើញប៉ោងធំលើស្បែកពងស្វាសតែម្តង ជាទូទៅបុរស១០០នាក់អាចកើតមាន៤នាក់ ។
២. តើមូលហេតុអ្វីបានជាអ្នកជំងឺកើតជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាស?
– ជំងឺនេះឧស្សាហ៍កើតមានលើផ្នែកខាងឆ្វេងនៃសរីរាង្គពងស្វាស ដោយមូលហេតុការរីកសរសៃវ៉ែន ដោយលំហូរនៃឈាមត្រូវហូរត្រឡប់ទៅបេះដូងវិញមានសភាពត្រង់ ចាក់ចូលសរសៃវ៉ែនធំនៃតម្រងនោមខាងឆ្វេង ដូចនេះវាងាយនឹងរងសម្ពាធធាក់ត្រឡប់មកវិញពីសរសៃធំ
។
– មូលហេតុផ្សេងទៀត មានដូចជា ការខុសប្រក្រតីវ៉ាល់របស់សរសៃវែនធ្វើអោយ ការច្របាច់ឈាមទៅលើវិញមិនបានល្អ
– អាចដោយសារភាពមិនប្រក្រតីរបស់សាច់ដុំនៅពងស្វាស
– និងអាចដោយសារទល់លាមករ៉ាំរ៉ៃផងដែរ ។
៣. រោគសញ្ញាដែលកើតមានអ្វីខ្លះ?
រោគ្គសញ្ញាដែល អាចកើតមានញឹកញាប់មានដូចជា:
– ឈឺចុកចាប់ជាទូទៅផ្នែកខាងឆ្វេងនៃពងស្វាស
– ពេលខ្លះអ្នកអាចស្ទាបប៉ះសរសៃឈាមដាស់លើស្បែកពងស្វាស
– បុរសខ្លះមកជួបគ្រូពេទ្យដោយសារបញ្ហាវិបត្តិមានកូន ដោយហេតុថាការរីកសរសៃវ៉ែនពងស្វាស ធ្វើអោយឈាមនាំអុកស៊ីសែន តាមអាទែទៅចិញ្ចឹមសរីរាង្គមិនបានល្អឈាមសំបូរកាបូនឌីអុកស៊ីត នៅសរសៃវ៉ែនច្រើន ដែលនាំឲ្យការផលិតមេជីវិតរបស់បុរសមិនបានល្អ ក្នុងរយៈពេលក៏អាចនាំឲ្យពងស្វាសរួមទំហំផងដែរ ។
៤. តើការធ្វើរោគវិនិច្ឆ័យដោយវិធីណា?
– អ្នកជំងឺត្រូវបានរករោគវិនិច្ឆ័យដោយការពិនិត្យដោយផ្ទាល់ពីគ្រូពេទ្យឯកទេស
– ការធ្វើអេកូសាស្រ្តដើម្បី បញ្ជាក់រោគវិនិច្ឆ័យព្រមទាំងធ្វើការវាយតម្លៃអំពីដំណាក់ទាំង៤នៃរោគនេះ។
៥. តើការព្យាបាលជំងឺនេះដោយរបៀបណា?
– ការព្យាបាលចំពោះដំណាក់កាលទី១និងទី២ពោលគឺអ្នកជំងឺមានការឈឺចាប់ម្ដងម្កាល មិនស្ទាបប៉ះ អេកូសាស្រ្តរកឃើញពេលឲ្យប្រឹង គឺតម្រូវព្យាយាមដោយថ្នាំនិងតាមដាន។
– ដំណាក់កាលទី៣និងទី៤ ដោយមានការឈឺជាប្រចាំ និងស្ទាបប៉ះដោយផ្ទាល់ គឺត្រូវធ្វើការព្យាបាលដោយវះកាត់ ៕