តើអ្នកធ្លាប់មានអាការៈឈឺចាប់នៅអាងត្រគាក ឬឈឺចាប់ពេលរួមដំណេកដែរទេ? អាការៈទាំងនេះអាចជារោគសញ្ញានៃជំងឺគីសដៃស្បូន (Ovarian Cyst)។ ដុំគីសនេះជាដុំទឹកដែលស្ថិតនៅក្នុង ឬនៅលើផ្ទៃនៃអូវែរ (ដៃស្បូន) ទាំងសងខាង។
១. រោគសញ្ញាដែលអ្នកមិនគួរមើលរំលង
- ឈឺចាប់នៅអាងត្រគាក: មានអារម្មណ៍ឈឺចាប់រិលៗ ឬអាចរាលដាលដល់ខ្នងផ្នែកខាងក្រោម។
- ឈឺចាប់ពេលមករដូវ ឬរួមដំណេក: អាការៈនេះអាចកើតឡើងមុនពេលមករដូវ ឬអំឡុងពេលរួមភេទ។
- ចង្អោរ និងហើមពោះ: មានអារម្មណ៍ឆ្អែត ឬធ្ងន់ណែនក្នុងពោះ ទោះបីជាញ៉ាំតិចក៏ដោយ។
- នោមញឹក ឬពិបាកនោម: ដោយសារដុំគីសសង្កត់លើប្លោកនោម។
- ឈឺចាប់ខ្លាំងភ្លាមៗ: ក្នុងករណីធ្ងន់ធ្ងរ អាចមានការឈឺពោះខ្លាំង រួមជាមួយក្អួត និងក្តៅខ្លួន។
- ករណីភាគច្រើន ដុំគីសអាចលូតលាស់ដោយមិនមានរោគសញ្ញាច្បាស់លាស់។
២. មូលហេតុនៃជំងឺគីសដៃស្បូន
មូលហេតុនៃការកើតដុំគីសគឺអាស្រ័យលើប្រភេទរបស់វា៖
- Follicular cyst: កើតឡើងនៅពេលដែលអូវែរមិនបញ្ចេញពងមេជីវិត។
- Corpus luteum cyst: កើតឡើងនៅពេលដែលពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធដែលបញ្ចេញនោះត្រូវបិទវិញ។
- ចំណាំ: ដុំគីសទាំងពីរប្រភេទខាងលើនេះជាប្រភេទធម្មតា ហើយនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ ទៅ ៣ ខែ។
- Dermoid cysts: ជាប្រភេទកម្រ ដែលមានផ្ទុកជាលិកាផ្សេងៗដូចជា សក់ ឬធ្មេញ ហើយកម្រក្លាយជាមហារីកណាស់។
- Cystadenomas: កើតចេញពីជាលិកាអូវែរ ហើយមានផ្ទុកទឹករំអិល។
- Endometriomas: កើតចេញពីកោសិកាឈាមរដូវដែលលូតលាស់នៅក្រៅស្បូន។
៣. ផលវិបាកដែលត្រូវប្រុងប្រយ័ត្ន
- Ovarian Torsion: ដុំគីសរមួល ដែលបណ្តាលឱ្យឈឺពោះខ្លាំង។
- Ovarian Rupture: ដុំគីសបែក ដែលអាចធ្វើឱ្យឈឺពោះខ្លាំង និងមានការហូរឈាមក្នុងពោះ។
- មហារីក: ចំពោះស្ត្រីដែលមានវ័យចំណាស់ក្រោយអស់រដូវ ដុំគីសអាចវិវត្តទៅជាមហារីក។
ប្រសិនបើអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមកុំមើលរំលង។ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទដុំគីសឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត