ការដុះខ្លាញ់នៅចង្កេះ អាចជាបញ្ហាមួយដែលប៉ះពាល់ដល់រូបសម្បត្តិរាងកាយ ការស្លៀកពាក់ និងសុខភាពបាន។ ការបន្ថយទំហំចង្កេះអាចជួយឲ្យអ្នកកាន់តែមានកម្លាំងជាងមុន និងបន្ថយការកើតជំងឺនានាជាច្រើនដូចជា ជំងឺបេះដូង និងទឹកនោមផ្អែមបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសម្រកខ្លាញ់នៅចង្កេះអាចជារឿងមួយពិបាក ប៉ុន្តែខ្ញុំសូមណែនាំវិធី សម្រកទំហំចង្កេះបីយ៉ាងដែលអាចជួយអ្នកទទួលបានជោគជ័យ ហើយមានសុខភាពល្អទៀត។
ហាត់ប្រាណ
ចូរជ្រើសរើសរបៀបហាត់ប្រាណទាំងឡាយណាដែលផ្តោតសំខាន់ទៅលើការសម្រកខ្លាញ់ពោះ និងចង្កេះ។ អ្នកអាចប្រើវិធីគ្រប់យ៉ាងទាំងការហាត់ប្រាណបែបយូហ្គា ឬហាត់ក្នុងក្លិប។ យកល្អគួរតែព្យាយាមហាត់ប្រាណ រយៈពេល ៣០នាទីក្នុងមួយថ្ងៃ រយៈពេលយ៉ាងហោចណាស់ ៥ថ្ងៃឡើងទៅក្នុងមួយសប្តាហ៍។ បន្ទាប់មក អ្នកអាចដំឡើងរយៈពេលបន្តិចម្តងៗរហូតដល់ ៦០នាទី ទៅ៩០នាទីក្នុងមួយថ្ងៃ។ ចូរចាំថា ដើម្បីទទួលបានលទ្ធផល គឺធ្វើវាជាទៀងទាត់រាល់ថ្ងៃ និងមានការអត់ធ្មត់ ព្រោះវាត្រូវការពេលយូររហូតដល់ ១ខែពេញឯណោះទើបឃើញមានការប្រែប្រួលខ្លះ។
ញ៉ាំអាហារត្រឹមត្រូវ
ការញ៉ាំអាហារផ្តល់សុខភាពច្រើនប្រភេទ ជាពិសេសបន្លែ និងផ្លែឈើ គឺជាគម្រោងដ៏ល្អបំផុតក្នុងការសម្រកទម្ងន់នៅតំបន់ចង្កេះ។ ចូរចៀសវាងអាហារកៃឆ្នៃ និងអាហារមានជាតិផ្អែមច្រើន តាមតែអាចធ្វើទៅបាន ដើម្បីអាចកាត់បន្ថយការឡើងជាតិខ្លាញ់ក្នុងខ្លួន។ ពពួកត្រីសម្បូរខ្លាញ់ ផ្លែប័រ ផ្លែអាលម៉ុន និងគ្រាប់ស្វាយចន្ទី គឺជាអាហារល្អដែលអាចបង្កើនខ្លាញ់មានសុខភាពក្នុងខ្លួន ហើយក៏ល្អចំពោះសុខភាពបេះដូង ហើយងាយស្រួលរំលាយទៀតផង។ ចូរកាត់បន្ថយការញ៉ាំប្រៃ ព្រោះការញ៉ាំប្រៃច្រើន អាចធ្វើឲ្យចង្កេះហើមបាន។
ផ្លាស់ប្តូររបៀបរស់នៅ
ការផ្លាស់ប្តូររបៀបរស់នៅអាចជំរុញដល់ការសម្រកទម្ងន់បាន។ ការមានទម្លាប់ប្តូរការញ៉ាំកាហ្វេមកញ៉ាំតែបៃតងវិញ អាចពង្រឹងដល់របត់ឈាមរត់ផង និងបង្កើនការរំលាយអាហារផង។ ការចំណាយពេលដើររាល់ថ្ងៃក៏អាចបង្កើនល្បឿននៃការរំលាយអាហារបានដែរ។ ការដើរនៅក្រៅផ្ទះនឹងបង្កើនចំនួនវីតាមីន D ដែលធ្វើឲ្យការសម្រកទម្ងន់កាន់តែលឿនផង។ ស្រ្តេសអ័រម៉ូនអាចធ្វើឲ្យរាងកាយរក្សាជាតិខ្លាញ់ក្នុងក្បាលពោះកាន់តែយូរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្វែងរកមធ្យោបាយគ្រប់គ្រងស្រ្តេសបានគ្រប់គ្រាន់ និងល្អ អាចជួយរាងកាយកាន់តែធូរស្រាល ហើយក៏បន្ថយទំហំចង្កេះបានយ៉ាងល្អ៕