វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពរាងកាយ ដូចជា ជួយស្រូបយកជាតិកាល់ស្យូមដើម្បីពង្រឹងឆ្អឹង ព្រមទាំងជួយដល់ប្រព័ន្ធភាពស៊ាំផងដែរ ។ នៅពេលដែលរាងកាយកង្វះវីតាមីន D អាចនឹងមានរោគសញ្ញាជាច្រើនលេចឡើង ។
ខាងក្រោមនេះ ជារោគសញ្ញាសំខាន់ៗនៃអ្នកកង្វះវីតាមីន D ៖
–ឈឺឆ្អឹង និងសាច់ដុំ៖ ដោយសារវីតាមីន D ជួយស្រូបយកជាតិកាល់ស្យូម ដែលជាសារធាតុសំខាន់បំផុតសម្រាប់សុខភាពឆ្អឹង ដូច្នេះពេលខ្វះវីតាមីននេះ ឆ្អឹងអាចនឹងចុះខ្សោយ និងបណ្ដាលឱ្យមានការឈឺចាប់ ជាពិសេសនៅខ្នង និងជើង។ លើសពីនេះ វាក៏អាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយ ឈឺចាប់ ឬរមួលផងដែរ។
–អស់កម្លាំង និងងងុយគេង ៖ វីតាមីន D ជួយដល់ដំណើរការបង្កើតថាមពលរបស់កោសិកា។ ដូច្នេះនៅពេលកម្រិតវីតាមីននេះទាប អ្នកអាចមានអារម្មណ៍ថាអស់កម្លាំង មិនសូវមានកម្លាំងកំហែង ហើយជួនកាលក៏បណ្ដាលឱ្យមានបញ្ហាដំណេកផងដែរ។
–ឈឺរ៉ាំរ៉ៃ និងចុះខ្សោយប្រព័ន្ធភាពស៊ាំ៖ អ្នកកង្វះវីតាមីន D ងាយនឹងកើតជំងឺផ្ដាសាយ ឬមានការឆ្លងមេរោគញឹកញាប់ ព្រោះវីតាមីននេះជួយដល់ការប្រយុទ្ធប្រឆាំងនឹងមេរោគរបស់រាងកាយ។
–ជ្រុះសក់៖ វីតាមីន D ក៏ដើរតួនាទីក្នុងការលូតលាស់នៃឫសសក់ផងដែរ។ ដូច្នេះប្រសិនបើអ្នកជ្រុះសក់ច្រើនខុសធម្មតា ក៏អាចបណ្ដាលមកពីកង្វះវីតាមីននេះផងដែរ។
–អារម្មណ៍ប្រែប្រួល និងជំងឺបាក់ទឹកចិត្ត៖ កង្វះវីតាមីន D ក៏ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយការប្រែប្រួលអារម្មណ៍ និងបង្កើនហានិភ័យនៃជំងឺបាក់ទឹកចិត្តផងដែរ។
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើតេស្តឈាមរកកម្រិតវីតាមីន D និងទទួលបានការព្យាបាលត្រឹមត្រូវ។ ការបង្គ្រប់វីតាមីន D អាចធ្វើឡើងតាមរយៈការហាលថ្ងៃ ការបរិភោគអាហារដែលមានវីតាមីន D ខ្ពស់ដូចជា ត្រីសាម៉ុន ត្រីសាឌីន ឬទឹកដោះគោ និងការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D តាមការណែនាំរបស់គ្រូពេទ្យ។