តើអ្នកធ្លាប់គិតទេថា របស់របរប្រើប្រាស់ធម្មតាៗនៅក្នុងផ្ទះបាយរបស់អ្នក អាចជាប្រភពនៃគ្រោះថ្នាក់ដែលអ្នកនឹកស្មានមិនដល់? របស់ទាំងនេះមួយចំនួនអាចបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ជាពិសេសនៅពេលដែលពួកវាត្រូវបានប៉ះពាល់នឹងកម្ដៅ។
ខាងក្រោមនេះជាវត្ថុ ៥ យ៉ាងដែលអ្នកគួរប្រុងប្រយ័ត្ន៖
១. ឆ្នាំង និងខ្ទះដែលស្រោបសារធាតុ Teflon
ឆ្នាំង និងខ្ទះប្រភេទនេះពេញនិយមដោយសារតែវាមិនជាប់ស្អិត។ ប៉ុន្តែនៅពេលដែលវាឡើងកម្ដៅខ្លាំង វត្ថុធាតុដែលស្រោបនោះអាចបញ្ចេញសារធាតុ Perfluorooctanoic Acid (PFOA) ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកតម្រងនោម និងជំងឺមហារីកថ្លើម។ ដើម្បីសុវត្ថិភាព គួរជ្រើសរើសឆ្នាំង ឬខ្ទះដែលធ្វើពីដែក (cast iron) ឬដែកអ៊ីណុកជំនួសវិញ។
២. ប្រអប់អាហារធ្វើពីផ្លាស្ទិក
ប្រអប់ផ្លាស្ទិកជាច្រើនមានផ្ទុកសារធាតុ Bisphenol A (BPA) ដែលជាសារធាតុគីមីអាចជ្រាបចូលទៅក្នុងអាហារ ជាពិសេសនៅពេលអាហារនោះក្ដៅ។ សារធាតុ BPA ត្រូវបានគេសង្ស័យថាអាចបង្កជាជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត។ យកល្អគួរប្រើប្រអប់កែវ ឬកញ្ចក់ជំនួសពេលទុកអាហារ។
៣. ប្រេងចម្អិនអាហារដែលប្រើឡើងវិញ
ការប្រើប្រាស់ប្រេងចម្អិនអាហារដដែលៗអាចបង្កជាហានិភ័យសុខភាព។ នៅពេលដែលប្រេងត្រូវបានកម្ដៅឡើងវិញម្តងហើយម្តងទៀត វានឹងបង្កើតជាសារធាតុពុល និងសារធាតុគ្រោះថ្នាក់ដែលហៅថា Aldehydes និង Polycyclic Aromatic Hydrocarbons (PAHs)។ សារធាតុទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក។
៤. ថ្នាំបាញ់សម្រាប់បាញ់ឆ្នាំង ឬខ្ទះ
ថ្នាំបាញ់ទាំងនេះមួយចំនួនមានសារធាតុដូចទៅនឹងសារធាតុដែលប្រើក្នុងថ្នាំលាបផ្ទះដែរ។ ពួកវាផ្ទុកសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវដង្ហើម។ ពេលដែលកម្ដៅខ្លាំង វាអាចបញ្ចេញសារធាតុដែលអាចបង្កជាជំងឺមហារីកទៅក្នុងអាហារ។
៥. វត្ថុអនុស្សាវរីយ៍ធ្វើពីសេរ៉ាមិចចាស់ៗ
ចាន, កែវ ឬពែងសេរ៉ាមិចចាស់ៗដែលផលិតមុនឆ្នាំ ១៩៧០ អាចមានផ្ទុកសារធាតុសំណ (Lead) និង cadmium នៅលើកញ្ចក់រលោងរបស់វា។ នៅពេលប្រើប្រាស់ វត្ថុទាំងនេះអាចបញ្ចេញសារធាតុពុលទៅក្នុងអាហារ ឬភេសជ្ជៈ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព។
ដើម្បីសុវត្ថិភាពសុខភាពរបស់អ្នក និងក្រុមគ្រួសារ សូមពិនិត្យមើលរបស់របរប្រើប្រាស់ក្នុងផ្ទះបាយរបស់អ្នក និងចៀសវាងវត្ថុទាំងនេះ។ តើអ្នកមានវត្ថុទាំងនេះនៅក្នុងផ្ទះដែរឬទេ?