តើអ្នកធ្លាប់ដឹងទេថា ការញ៉ាំអាហារប្រៃហាលស្ងួតដូចជា ត្រីងៀត ឬសាច់ងៀត អាចជាកត្តាប្រឈមដ៏ធំមួយក្នុងការវិវត្តទៅជាជំងឺ មហារីកច្រមុះ (Nasopharyngeal Cancer)? ជំងឺមហារីកប្រភេទនេះកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក ហើយអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន។
ក. រោគសញ្ញាគួរប្រយ័ត្ន
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះមិនមានសញ្ញាច្បាស់លាស់ទេ ប៉ុន្តែអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានអាការៈដូចខាងក្រោម៖
- មានដុំពកនៅក៖ វាអាចជាកូនកណ្ដុរហើម។
- ហូរឈាមច្រមុះ។
- តឹងច្រមុះ៖ ជាពិសេសតឹងតែមួយចំហៀង។
- ចុះខ្សោយការស្ដាប់៖ ហឹងត្រចៀក ឬឮសូរតិចនៅត្រចៀកម្ខាង។
- ឈឺក្បាល។
ខ. មូលហេតុបង្ក
មូលហេតុពិតប្រាកដនៃជំងឺមហារីកច្រមុះមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែមានកត្តាជំរុញមួយចំនួន៖
- ការបរិភោគអាហារ៖ អាហារដែលមានជាតិអំបិលខ្ពស់ និងសារធាតុ Nitrosamine ដូចជាសាច់ ឬត្រីដែលប្រលាក់អំបិល ហាលស្ងួត និងអាំង។
- ទីតាំងភូមិសាស្ត្រ៖ ជំងឺនេះច្រើនកើតមាននៅអាស៊ីខាងកើត និងភាគខាងត្បូងនៃប្រទេសចិន។
- មុខរបរ៖ អ្នកប្រកបរបរជាជាងឈើមានហានិភ័យខ្ពស់។
- វីរុស Epstein-Barr (Epstein-Barr Virus)។
- ប្រវត្តិគ្រួសារ៖ បើមានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះ។
ប្រសិនបើលោកអ្នកមានអាការៈហូរឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមកុំប្រហែស។ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ ការការពារប្រសើរជាងព្យាបាល!
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត