តើអ្នកធ្លាប់ចាប់អារម្មណ៍ឃើញទឹកនោមមានពពុះច្រើនខុសពីធម្មតាទេ? អាការៈនេះអាចជាសញ្ញាដំបូងនៃជំងឺ ទឹកនោមប្រៃ ដែលបណ្ដាលមកពីការខូចខាតមុខងារតម្រងនោម។ ការយល់ដឹងពីរោគសញ្ញានិងមូលហេតុនៃជំងឺនេះ អាចជួយឱ្យអ្នកទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យបានទាន់ពេលវេលា។
១. អ្វីទៅជាជំងឺទឹកនោមប្រៃ?
ជំងឺទឹកនោមប្រៃ កើតឡើងនៅពេលកោសិកាតម្រង (Glomeruli) ក្នុងតម្រងនោមខូចខាត។ ការខូចខាតនេះបណ្ដាលឱ្យមានការបាត់បង់សារធាតុប្រូតេអ៊ីនសំខាន់ៗ (Albumin) ចេញតាមទឹកនោមយ៉ាងច្រើន។
រោគសញ្ញាសំខាន់ៗមានដូចជា៖
- ហើម៖ ជាពិសេសនៅត្របកភ្នែក និងជើងទាំងសងខាង ដោយសារការបាត់បង់ប្រូតេអ៊ីនក្នុងឈាម។
- ទឹកនោមមានពពុះច្រើន៖ ដោយសារមានវត្តមានប្រូតេអ៊ីនលើសនៅក្នុងទឹកនោម។
- ឡើងទម្ងន់លឿន៖ បណ្ដាលមកពីការហើម។
- អស់កម្លាំង ល្ហិតល្ហៃ។
- បាត់បង់ចំណង់អាហារ។
២. មូលហេតុនៃជំងឺទឹកនោមប្រៃ
ជំងឺទឹកនោមប្រៃអាចបណ្ដាលមកពីមូលហេតុជាច្រើន ទាំងចំពោះមនុស្សពេញវ័យ និងក្មេង៖
- ការខូចខាតកោសិកាតម្រង (Glomeruli)៖ ជាមូលហេតុទូទៅបំផុត។
- ជំងឺប្រចាំកាយ៖ ដូចជាជំងឺ លូពីស (Lupus) ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរឆ្នាំ និងជំងឺក្រឡាភ្លើងចំពោះស្រ្តីមានផ្ទៃពោះ។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs អាចបំពុលតម្រងនោម។
- ជំងឺឆ្លង៖ ដូចជាជំងឺរលាកថ្លើម ឬឆ្លងមេរោគអេដស៍។
- ជំងឺមហារីក៖ ដូចជាមហារីកសួត ឬមហារីកឈាម។
ចំណុចសម្គាល់
ការរកមូលហេតុពិតប្រាកដនៃជំងឺទឹកនោមប្រៃ គឺមានសារៈសំខាន់ណាស់សម្រាប់ការការពារ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យវិវត្តទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត