តើអ្នកធ្លាប់គិតទេថា ទម្លាប់ផឹកកាហ្វេពេលព្រឹករបស់អ្នក អាចជាគន្លឹះដើម្បីមានអាយុវែង? ការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា ការទទួលទានកាហ្វេក្នុងកម្រិតសមរម្យ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្វាហាប់ប៉ុណ្ណោះទេ តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដែលអាចជួយពន្យារអាយុជីវិតទៀតផង។
ខាងក្រោមនេះគឺជាមូលហេតុដែលការផឹកកាហ្វេអាចជួយឱ្យអ្នកមានអាយុវែង៖
១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
កាហ្វេគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារកោសិកានៃរាងកាយពីការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ ការការពារនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺមហារីកនិងជំងឺបេះដូង។
២. កាត់បន្ថយហានិភ័យនៃជំងឺប្រចាំកាយ
ការសិក្សាជាច្រើនបានបង្ហាញថា ការផឹកកាហ្វេជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺ ផាកឃីនសុន (Parkinson’s) ជំងឺ ថ្លើម និងជំងឺ បេះដូង។
៣. ជួយដល់សុខភាពថ្លើម
កាហ្វេមានសមត្ថភាពការពារថ្លើមពីការខូចខាត។ ការសិក្សាបានរកឃើញថា អ្នកផឹកកាហ្វេមានហានិភ័យទាបក្នុងការវិវត្តទៅជាជំងឺក្រិនថ្លើម និងខ្លាញ់រុំថ្លើម។
៤. ជំរុញមុខងារខួរក្បាល
ជាតិកាហ្វេអ៊ីនជួយជំរុញមុខងារខួរក្បាល បង្កើនការផ្ដោតអារម្មណ៍ និងបង្កើនការចងចាំ។ ការផឹកកាហ្វេក៏អាចកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងផងដែរ។
៥. ជួយដុតបំផ្លាញជាតិខ្លាញ់
កាហ្វេអ៊ីនគឺជាសារធាតុធម្មជាតិមួយដែលជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ និងជួយបង្កើនល្បឿននៃការរំលាយអាហារ។
ចំណុចសម្គាល់
ទោះបីជាកាហ្វេមានអត្ថប្រយោជន៍ជាច្រើនក៏ដោយ ការផឹកក្នុងកម្រិតសមរម្យគឺជារឿងសំខាន់។ គួរចៀសវាងការបន្ថែមជាតិស្ករ ឬក្រែមច្រើនពេក។ ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកអាចរីករាយជាមួយកាហ្វេពេលព្រឹករបស់អ្នកដោយគ្មានការព្រួយបារម្ភទៀតហើយ!