ជំងឺមហារីកឆ្អឹង (Osteosarcoma) គឺជាជំងឺកាចសាហាវដែលកើតនៅលើឆ្អឹង។ ទោះបីជាវាច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី ១៣ ទៅ ១៦ ឆ្នាំក៏ដោយ ក៏មនុស្សពេញវ័យក៏អាចកើតមានដែរ។ ជំងឺនេះភាគច្រើនកើតលើឆ្អឹងវែងៗដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
ដើម្បីងាយស្រួលចំណាំ សូមកុំមើលរំលងរោគសញ្ញាទាំង ៤ ខាងក្រោមនេះ៖
១. ឈឺចាប់នៅកន្លែងដុំមហារីក
ការឈឺចាប់នេះអាចមានលក្ខណៈស្រាលនៅពេលដំបូង ប៉ុន្តែវានឹងកាន់តែខ្លាំងទៅៗបន្តិចម្តងៗ ជាពិសេសនៅពេលយប់ ឬពេលធ្វើចលនា។
២. ហើម ឬឡើងដុំពកឆ្អឹងបន្តិចម្ដងៗ
អ្នកអាចចាប់ផ្ដើមកត់សម្គាល់ឃើញមានដុំពក ឬការហើមនៅត្រង់កន្លែងដែលឈឺចាប់។ ដុំនេះអាចរឹងនៅពេលប៉ះ។
៣. ពិបាកធ្វើចលនា
នៅពេលជំងឺរីកធំទៅ អ្នកអាចនឹងមានអារម្មណ៍ពិបាកក្នុងការធ្វើចលនា ឬមានអារម្មណ៍ឈឺចាប់នៅពេលដែលព្យាយាមធ្វើចលនានៅត្រង់ផ្នែកឆ្អឹងដែលរងផលប៉ះពាល់។
៤. ងាយបាក់ឆ្អឹង
ឆ្អឹងដែលកើតជំងឺមហារីកមានសភាពទន់ខ្សោយ ដូច្នេះវាអាចបាក់ដោយឯកឯង ឬគ្រាន់តែការប៉ះទង្គិចស្រាលៗក៏បាក់ដែរ។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព៕