ការទទួលទានភេសជ្ជៈត្រឹមត្រូវអាចដើរតួយ៉ាងសំខាន់ក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីការហាត់ប្រាណនិងការញ៉ាំអាហារមានតុល្យភាព ការបន្ថែមភេសជ្ជៈទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចជួយរក្សាសុខភាពសរសៃឈាមនិងបេះដូងបាន។
ខាងក្រោមនេះជាភេសជ្ជៈត្រជាក់ ៤ ប្រភេទដែលល្អបំផុតសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល៖
១. តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Catechins ដែលជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL)។ ការសិក្សាជាច្រើនបានបង្ហាញថា ការផឹកតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។ តែបៃតងអាចផឹកក្តៅ ឬត្រជាក់បាន តែគួរចៀសវាងបន្ថែមជាតិស្ករ។
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារសម្បូរទៅដោយ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារកោសិកានិងកាត់បន្ថយការរលាក។ វីតាមីន C ជួយពង្រឹងជញ្ជាំងសរសៃឈាម ធ្វើឱ្យសរសៃឈាមមានភាពបត់បែនល្អ និងការពារការកកើតកំណកឈាម។ អ្នកអាចបន្ថែមស្លឹកជីរអង្កាមបន្តិចដើម្បីឱ្យទឹកមានរសជាតិកាន់តែឆ្ងាញ់។
៣. ទឹកផ្លែទទឹម
ទឹកផ្លែទទឹមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenols ខ្ពស់ ដែលជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយការស្ទះសរសៃឈាម។ ការផឹកទឹកផ្លែទទឹមជាប្រចាំអាចជួយកាត់បន្ថយការឡើងរឹងសរសៃឈាម (Arterial Stiffness) ដែលជាកត្តាប្រឈមដ៏សំខាន់នៃជំងឺដាច់សរសៃឈាមខួរក្បាល។
៤. ទឹកសណ្ដែកសៀង
ទឹកសណ្ដែកសៀងសម្បូរទៅដោយ ប្រូតេអ៊ីន និងសារធាតុ Isoflavones ដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងកាត់បន្ថយសម្ពាធឈាម។ ការសិក្សាខ្លះបានបង្ហាញថា ការទទួលទានផលិតផលពីសណ្ដែកសៀងអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះស្ត្រីក្រោយអស់រដូវ។ ទឹកសណ្ដែកសៀងគ្មានជាតិស្ករគឺជាជម្រើសដ៏ល្អបំផុត។
ការបន្ថែមភេសជ្ជៈទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីការពារសុខភាពខួរក្បាលនិងបេះដូង។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នលមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕