តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកហាត់ប្រាណនិងតមអាហារហើយនៅតែមិនអាចសម្រកទម្ងន់បាន? ចម្លើយអាចស្ថិតនៅលើទម្លាប់នៃការគេងរបស់អ្នក។ ការគេងមិនគ្រប់គ្រាន់ ឬគេងមិនសូវលក់ មិនត្រឹមតែធ្វើឲ្យអ្នកអស់កម្លាំងប៉ុណ្ណោះទេ ថែមទាំងជាកត្តាសំខាន់ដែលជំរុញឲ្យរាងកាយរបស់អ្នកឡើងទម្ងន់ និងប្រមូលផ្តុំខ្លាញ់ក្បាលពោះទៀតផង។
នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ័រម៉ូនក្នុងរាងកាយរបស់អ្នកនឹងប្រែប្រួល។ អ័រម៉ូនដែលគ្រប់គ្រងចំណង់អាហារពីរប្រភេទគឺ Ghrelin (អ័រម៉ូនឃ្លាន) និង Leptin (អ័រម៉ូនឆ្អែត) ត្រូវបានប៉ះពាល់។
- Ghrelin៖ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ អ័រម៉ូន Ghrelin នឹងកើនឡើង។ ការកើនឡើងនេះធ្វើឲ្យអ្នកមានអារម្មណ៍ ឃ្លានខ្លាំងជាងធម្មតា ជាពិសេសអាហារដែលមានជាតិស្ករ និងកាបូអ៊ីដ្រាត។
- Leptin៖ ទន្ទឹមនឹងនេះ អ័រម៉ូន Leptin ដែលប្រាប់ឲ្យរាងកាយដឹងថាឆ្អែត នឹងថយចុះ។ ការថយចុះនេះធ្វើឲ្យអ្នកនៅតែបន្តញ៉ាំទោះបីជាអ្នកឆ្អែតហើយក៏ដោយ។
ការប្រែប្រួលអ័រម៉ូនទាំងពីរនេះ បូករួមជាមួយការថយចុះនៃសកម្មភាពរាងកាយដោយសារភាពនឿយហត់ ធ្វើឲ្យអ្នកទទួលទានអាហារច្រើនលើសតម្រូវការប្រចាំថ្ងៃ ហើយនាំទៅរកការឡើងទម្ងន់ ជាពិសេសការ កើនឡើងនូវខ្លាញ់ក្បាលពោះ ព្រោះរាងកាយមានទំនោរផ្ទុកជាតិខ្លាញ់នៅតំបន់នោះ។
ដូច្នេះ សូមកុំមើលរំលងសារៈសំខាន់នៃការគេងឲ្យបានគ្រប់គ្រាន់ (៧ ទៅ ៩ ម៉ោងក្នុងមួយយប់)។ វាជាគន្លឹះដ៏សំខាន់មួយមិនចាញ់ការហាត់ប្រាណ ឬការតមអាហារនោះទេ សម្រាប់សុខភាពនិងរូបរាងកាយដ៏ស្រស់ស្អាត។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតី ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕