យើងទាំងអស់គ្នាដឹងថាការផឹកទឹកគ្រប់គ្រាន់គឺសំខាន់សម្រាប់សុខភាព ប៉ុន្តែការផឹកទឹកច្រើនហួសកម្រិតក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ។ បញ្ហានេះគេហៅថា “ពុលទឹក” (Water Toxicity) ឬ Hyponatremia ដែលបណ្តាលមកពីការថយចុះកម្រិតជាតិសូដ្យូមក្នុងឈាម។
នៅពេលដែលអ្នកផឹកទឹកច្រើនជ្រុលពេក វានឹងរំលាយជាតិសូដ្យូមនៅក្នុងខ្លួនធ្វើឱ្យវាធ្លាក់ចុះ។ កម្រិតសូដ្យូមទាបពេកអាចបណ្តាលឱ្យកោសិកានៅក្នុងរាងកាយ ពិសេសកោសិកាខួរក្បាល រីកប៉ោង។ ការរីកប៉ោងនេះអាចបង្កឱ្យមានសម្ពាធក្នុងខួរក្បាល ដែលនាំឱ្យអ្នកមានអាការៈសន្លប់ ប្រកាច់ និងអាចឈានដល់ការស្លាប់។
រោគសញ្ញានៃការលើសជាតិទឹក
ការលើសជាតិទឹកអាចកើតឡើងបន្តិចម្តងៗ ហើយរោគសញ្ញាអាចស្រដៀងនឹងការខ្វះជាតិទឹកដែរ ដូច្នេះវាពិបាកសម្គាល់។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញាអាចមានដូចជា៖
- ឈឺក្បាលខ្លាំង និងថយក្រោយ
- ចង្អោរ និងក្អួត
- អារម្មណ៍ច្របូកច្របល់ និងខ្វះការផ្ដោតអារម្មណ៍
- ហើមដៃ ជើង ឬផ្ទៃមុខ
- ឈឺចាប់សាច់ដុំ
- រមួលក្រពើ
- ប្រកាច់ និងសន្លប់
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ បន្ទាប់ពីផឹកទឹកច្រើនក្នុងរយៈពេលខ្លី សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
តើត្រូវផឹកទឹកប៉ុន្មានទើបគ្រប់គ្រាន់?
អ្នកជំនាញណែនាំឱ្យផឹកទឹកប្រហែល ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ អាស្រ័យលើកម្រិតសកម្មភាពនិងអាកាសធាតុ។ ចំពោះអ្នកដែលហាត់ប្រាណខ្លាំង កម្តៅខ្លាំង ឬមានជំងឺមួយចំនួន អាចត្រូវការទឹកច្រើនជាងនេះ។ វិធីល្អបំផុតគឺត្រូវស្តាប់រាងកាយរបស់អ្នក នៅពេលអ្នកមានអារម្មណ៍ស្រេកទឹក។
ការយល់ដឹងពីកម្រិតផឹកទឹកត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ដើម្បីរក្សាសុខភាពល្អ និងជៀសផុតពីគ្រោះថ្នាក់ដែលមើលមិនឃើញនេះ៕