ស៊ុបមាន់ ជាអាហារមួយប្រភេទដែលមានប្រយោជន៍ច្រើនដល់សុខភាព ពិសេសនៅពេលយើងមានអាការៈមិនសូវស្រួលខ្លួន ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់ស៊ុបមាន់ ៖
១.ជួយផ្ដល់ជាតិទឹក និងសារធាតុចិញ្ចឹម៖ នៅពេលឈឺ កោសិកានៅក្នុងខ្លួនបាត់បង់ជាតិទឹកច្រើន ដូចនេះការទទួលទានស៊ុបមាន់ អាចជួយបំពេញជាតិទឹកដល់រាងកាយបានលឿន ។ ក្រៅពីនេះ វាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា វីតាមីន និងជាតិរ៉ែផងដែរ ។
២.ជួយសម្រួលដល់ប្រព័ន្ធដង្ហើម៖ ចំហាយក្តៅៗចេញពីស៊ុបមាន់អាចជួយសម្រួលដល់ផ្លូវដង្ហើម និងធ្វើឲ្យច្រមុះដែលស្ទះអាចស្រឡះបានខ្លះ ។ ជាងនេះទៅទៀត ក្នុងស៊ុបមាន់មានផ្ទុកអាស៊ីតអាមីណូម្យ៉ាងឈ្មោះថា cysteine ដែលអាចជួយរំលាយស្លេស្មនៅក្នុងសួត និងច្រមុះបាន ។
៣.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការសិក្សាខ្លះបានបង្ហាញថា ការទទួលទានស៊ុបមាន់អាចជួយកាត់បន្ថយការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ។ វាក៏អាចជួយឲ្យរាងកាយមានកម្លាំង ដើម្បីប្រឆាំងនឹងមេរោគផ្សេងៗបានផងដែរ ។
៤.ងាយស្រួលរំលាយ៖ ស៊ុបមាន់មានលក្ខណៈទន់ និងងាយស្រួលក្នុងការទទួលទាននៅពេលដែលយើងគ្មានកម្លាំង ឬចង់ញ៉ាំអាហារ ។ វាក៏ងាយស្រួលក្នុងការរំលាយ ដែលមិនធ្វើឱ្យប្រព័ន្ធរំលាយអាហារយើងធ្វើការធ្ងន់ពេកនោះទេ ។
៥.ជួយឲ្យមានអារម្មណ៍ធូរស្រាល៖ ស៊ុបមាន់ត្រូវបានគេចាត់ទុកជាអាហារពេលមានជំងឺតាំងពីយូរយារណាស់មកហើយ។ ក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់របស់វាអាចជួយលើកទឹកចិត្ត និងធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលបានមួយកម្រិតផងដែរ ៕