ការការពារកុំឱ្យមានរបួសជើង គឺជារឿងសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ នេះក៏ដោយសារតែអ្នកជំងឺទឹកនោមផ្អែមងាយនឹងមានបញ្ហាប្រព័ន្ធប្រសាទ (Diabetic Neuropathy) ដែលធ្វើឱ្យការឈឺចាប់មិនសូវដឹង ព្រមទាំងមានបញ្ហាឈាមរត់មិនល្អ ដែលធ្វើឱ្យរបួសឆាប់ឆ្លងមេរោគ និងពិបាកជា។
ខាងក្រោមនេះជាវិធីសាស្រ្តដែលអ្នកគួរអនុវត្តជាប្រចាំ ៖
១. ពិនិត្យជើងរាល់ថ្ងៃ:
ត្រូវពិនិត្យមើលបាតជើង ចន្លោះម្រាមជើង និងកែងជើងជារៀងរាល់ថ្ងៃ ដើម្បីរកមើលសញ្ញានៃរបួសដូចជា ពងបែក ស្នាមកន្ទួលក្រហម ស្នាមប្រេះ ដំបៅ ឬសសៃរវៀច ។
២.លាងសម្អាត និងថែទាំជើងឱ្យបានត្រឹមត្រូវ:
-លាងសម្អាតជើងរាល់ថ្ងៃដោយប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូ។
-ជៀសវាងត្រាំជើងក្នុងទឹកយូរពេក ព្រោះអាចធ្វើឱ្យស្បែកស្ងួត។
-ជូតជើងឱ្យស្ងួតល្អ ជាពិសេសនៅចន្លោះម្រាមជើង ដើម្បីការពារការដុះផ្សិត។
-លាបឡេផ្តល់សំណើម (Moisturizer) នៅលើបាតជើង និងកែងជើង ប៉ុន្តែកុំលាបនៅចន្លោះម្រាមជើង។
៣. ពាក់ស្បែកជើង និងស្រោមជើងដែលត្រឹមត្រូវ:
-ត្រូវពាក់ស្រោមជើងគ្រប់ពេល ទាំងនៅផ្ទះ និងនៅខាងក្រៅ ។ ស្រោមជើងគួរធ្វើពីសំឡី (Cotton) ដែលអាចស្រូបញើសបានល្អ។
-ពាក់ស្បែកជើងដែលបិទជិត និងមានទំហំសមល្មម ។ ជៀសវាងពាក់ស្បែកជើងរឹបតឹង ឬមានកែងខ្ពស់។
-មុននឹងពាក់ ត្រូវពិនិត្យមើលខាងក្នុងស្បែកជើងថា តើមានវត្ថុមុតស្រួច ឬដុំថ្មតូចៗដែរឬអត់។
៤. កាត់ក្រចកឱ្យបានត្រឹមត្រូវ:
-កាត់ក្រចកដោយកាត់ឱ្យត្រង់ និងកុំកាត់ខ្លីពេក ដើម្បីជៀសវាងក្រចកដុះចាក់សាច់។
-គួរប្រើប្រដាប់កាត់ក្រចកដែលស្អាត និងមុតល្អ។
៥. ទៅពិនិត្យសុខភាពជើងជាប្រចាំ:
-អ្នកគួរទៅពិនិត្យជើងជាមួយគ្រូពេទ្យជំនាញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬញឹកញាប់ជាងនេះបើមានបញ្ហា ។
ការអនុវត្តជំហានទាំងនេះ អាចជួយការពារជើងរបស់អ្នកពីការរងរបួសបានយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ៕