ការលំបាកមានកូនឬ វិបត្តិនៃការមានបុត្រ (Infertility) កំពុងក្លាយជាបញ្ហាមួយដែលពិភពលោកកំពុងព្រួយបារម្ភ ដោយប៉ះពាល់ដល់ប្រហែល ១០ ទៅ ១៥% នៃគូស្វាមីភរិយាទាំងអស់។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
១. តើអ្វីទៅជាវិបត្តិនៃការមានបុត្រ?
វិបត្តិនៃការមានបុត្រ ត្រូវបានគេកំណត់ថាជាការបរាជ័យក្នុងការមានកូនបន្ទាប់ពីព្យាយាមរួមភេទជាទៀងទាត់រយៈពេលមួយឆ្នាំ ដោយមិនបានប្រើប្រាស់វិធីពន្យារកំណើតណាមួយឡើយ។
២. តើមូលហេតុចម្បងមានអ្វីខ្លះ?
មូលហេតុនៃបញ្ហានេះអាចមកពីភាគីស្ត្រី ភាគីបុរស ឬទាំងសងខាង។
- ភាគីស្ត្រី (៣៤%): បញ្ហាអាចទាក់ទងនឹងការផលិតមេជីវិតញី, ការស្ទះដៃស្បូន, ដុះសាច់ក្នុងស្បូន, គីសដៃស្បូន, ការពិសារស្រាឬជក់បារី និងជំងឺក្រពេញអ័រម៉ូន។
- ភាគីបុរស (២០%): បញ្ហាអាចទាក់ទងនឹងការផលិតមេជីវិតឈ្មោល, ការស្ទះផ្លូវបញ្ចេញមេជីវិត, ជំងឺក្រពេញអ័រម៉ូន, ការពិសាស្រាឬជក់បារី។
- ភាគីទាំងពីរ (៣៨%): ក្នុងករណីខ្លះ មូលហេតុអាចកើតឡើងចំពោះដៃគូទាំងពីរក្នុងពេលតែមួយ។
- មូលហេតុដែលមិនអាចពន្យល់បាន (៨%): មួយចំនួនតូចនៃករណី កត្តាប្រឈមមិនត្រូវបានរកឃើញច្បាស់លាស់នោះទេ។
ការយល់ដឹងពីមូលហេតុអាចជួយឱ្យគូស្វាមីភរិយាស្វែងរកការព្យាបាលសមស្របដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ។ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហានេះ ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញគឺជាជំហានដ៏សំខាន់បំផុត៕