រាជធានីភ្នំពេញ៖ ម្តាយបង្កើតរបស់វីរកងទ័ព១រូប ទទួលបានការព្យាបាលជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
យោងតាមការចុះផ្សាយរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅថ្ងៃទី០១ ខែកញ្ញានេះ បានឱ្យដឹងថាអ្នកមីង “ធាវ ស៊ីវហេង” អាយុ ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់កងទ័ព ការពារព្រំដែន ខេត្តឧត្តរមានជ័យ ទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈការអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាំមកទទួលការពិនិត្យនិងព្យាបាលបញ្ហាគ្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង។
«សម្តេចបវរធិបតី» និង«លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល និងការស្នាក់នៅ ជូនដល់អ្នកមីងព្រមទាំងគ្រួសារផងដែរ។
អ្នកមីង និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេកចំពោះទឹកចិត្តដ៏មហាសប្បុរសថ្លៃថ្លានេះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចធិបតី» និង«លោកជំទាវបណ្ឌិត»៕